ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ សូមកុំព្យាយាមទម្លាក់កំហុសឲ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទ និងសូមបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៅ

ចែករំលែក៖

ភ្នំពេញ ៖ សូមកុំព្យាយាមទម្លាក់កំហុសឲ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទ និងសូមបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៅ ។ នេះជាការបង្ហោះលើផេកផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ។ 

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះថា ៖ ថ្ងៃ៧មិថុនា២០២៤នេះ មានកាសែតបរទេសមួយចុះផ្សាយអំពីប្រទេសអាសុីអាគ្នេយ៍ចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន នៅស្វីសនាពេលខាងមុខ។ គេខិតខំទម្លាក់កំហុសឲ្យចិន ប្រសិនកម្ពុជាមិនបានចូលរួម។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ៖ កាលពីសប្តាហ៍មុន ក្នុងជំនួបតាមវីដេអូជាមួយប្រធានសភាអ៊ុយក្រែន ទន្ទឹមនឹងការជម្រាបជូនគាត់ថា កម្ពុជាកំពុងពិចារណាលើផែនការសន្តិភាព និងការចូលរួម ឬមិនចូលរួម ខ្ញុំក៏បានជម្រាបគាត់ថា សន្និសីទមិនទទួលបានជោគជ័យទេ ប្រសិនបើភាគីពាក់ព័ន្ធពិសេសរុស្សុី មិនត្រូវបានអញ្ជើញឲ្យចូលរួម។ ខ្ញុំបានប្រាប់គាត់បន្ថែមថា មុនសន្និសីទពេលសន្និសីទ និងក្រោយសន្និសីទ រុស្សុីនឹងវាយខ្លាំងលើសមរភូមិយោធា។ ខ្ញុំក៏និយាយបែបនេះទៅកាន់អគ្គនាយក CIA នៅថ្ងៃ២មិថុនា និងរដ្ឋមន្ត្រីការពារជាតិអាមេរិកថ្ងៃ៤មិថុនា ពេលពួកគាត់មកជួបជាមួយខ្ញុំ។ តើសម្ដីបែបនេះ ចិនណែនាំឲ្យខ្ញុំនិយាយឬកម្ពុជាមានសិទ្ធិនិយាយ? 

សម្តេចតេជោ បានថ្លែងថា ៖ កម្ពុជាជារដ្ឋឯករាជ្យ ហើយខ្ញុំបានធ្វើការជាមួយមេដឹកនាំចិនច្រើនឆ្នាំ និងច្រើនជំនាន់ខ្ញុំមិនធ្លាប់លឺ មេដឹកនាំចិនណាម្នាក់ និយាយមកកាន់ខ្ញុំឲ្យធ្វើនេះ ឬធ្វើនោះតាមបំណងរបស់ចិនឡើយ។ ផ្ទុយទៅវិញពួកអ្នកដែលនិយាយថា កម្ពុជាធ្វើតាមចិនទៅវិញទេ ដែលតែងតែមកដាក់ការគាបសង្កត់ឲ្យកម្ពុជាធ្វើតាមខ្លួនរហូតប៉ះទង្គិចសម្ដីជាមួយខ្ញុំជាញឹកញាប់។ ការសម្រេចចិត្តមិនចូលរួមសន្និសីទរបស់កម្ពុជា វាជាសិទ្ធិរបស់កម្ពុជា ដោយកម្ពុជាមើលឃើញថា វាមិនមានជោគជ័យ។ ឯប្រទេសផ្សេងទៀតចូលរួមឬមិនចូលរួម វាជាសិទ្ធិរបស់ប្រទេសទាំងនោះ។ 

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សូមកុំព្យាយាមទម្លាក់កំហុសឲ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទ និងសូមបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៅ៕

ដោយ ៖ សិលា


ចែករំលែក៖