ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យទាំង០៥នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូង នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕
សមត្ថកិច្ចប្រាប់ថា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក កែម ចាន់រស្មី ចុះប្រតិបត្តិការ ឃាត់ខ្លួនក្មេងទំនេីងសរុប៥នាក់ រួមនឹងវត្ថុតាងមួយចំនួន ក្នុង២គោលដៅផ្សេងគ្នា ក្នុងខណៈពេលកំពុងល្បាតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។
លោកអនុសេនីយ៍ឯក កែម ចាន់រស្មី បានឱ្យដឹងថា គោលដៅទី១ នៅវេលាម៉ោង០៤ និង០០នាទី ថ្ងៃទី០៦ ខែមិថុនា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកបានចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ពេលដល់ចំណុចសាលារៀន០២ជាន់ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានប្រទះឃើញក្រុមក្មេងទំនើង១នាក់មានកាន់កាំបិតផ្គាក់១ដើម ភ្លាមនោះកម្លាំងបានធ្វើការឃាត់ខ្លួនក្មេងទំនើងនោះ ឈ្មោះ ចាន់ រិទ្ធី ភេទប្រុស អាយុ ១៧ឆ្នាំ ព្រមទាំងវត្ថុតាង៖ ម៉ូតូម៉ាកវ៉េវ ពណ៌ខៀវ ចំនួន០១គ្រឿងនិងកាំបិតផ្គាក់ដងដែកប្រវែង៨៩ សង់ទីម៉ែត្រ ចំនួន០១ដើម ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង បន្ទាប់មកកម្លាំងបានចុះល្បាតបន្តពេលដល់ចំណុចកន្លែងលក់កូនឈើ ក្បែរផ្លូវចូលវត្តស្ទឹងបត់ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ក៏បានជួបនឹងក្រុមក្មេងទំនើងចំនួន០៤នាក់ទៀត កាន់កាំបិតផ្គាក់ចំនួន០២ដើម។
ក្មេងទំនើងទាំង០៤នាក់៖ ១.ឈ្មោះ គិន ពីឡុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងកន្លែងលក់ដើមឈើ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត, ២.ឈ្មោះ សុខ សាក់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិម៉ត់ហើន ឃុំទូលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ៣.ឈ្មោះ គិន ឆៃយ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិម៉ត់ហើន ឃុំទួលពង្រ ស្រុកម៉ាឡៃ , ៤.ឈ្មោះ នួន សុធាន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដឹកសំរាម ទីលំនៅបច្ចុប្បន្ន ភូមិម៉ត់ហឺន ឃុំទូលពង្រ ស្រុកម៉ាឡៃ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្មេងទំនើងទាំង០៥នាក់ ក្រោយពីឃាត់ខ្លួន និងសួរចម្លេីយ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានកាន់កាំបិតផ្គាក់ដើម្បីការពារខ្លួននៅយប់ពិតប្រាកដមែន ពីព្រោះពួកខ្លួនដើរលេងពេលយប់តែងតែមានជម្លោះជាមួយក្មេងទំនើងដទៃទៀត។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ជនសង្ស័យទាំង០៥នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី ៕
ដោយ៖ វណ្ណា