ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញទំនិញពុំមានអនុលោមភាពសរុបចំនួន ៧៣.១២គីឡូក្រាម រយៈពេល២ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា៖ មន្ត្រីអធិការកិច្ចផ្នែកម្ហូបអាហារ នៃសាខា ក.ប.ប. តាមបណ្ដា រាជធានី ខេត្ត បានបន្តអនុវត្តសកម្មភាពចុះអង្កេតទីផ្សារ និងយន្តការអប់រំផ្សព្វផ្សាយ។

ជាក់ស្ដែងរយៈពេល២ថ្ងៃ គឺនាថ្ងៃទី៥-៧ ខែមិថុនា ឆ្នាំ២០២៤ មន្រ្តីជំនាញផ្នែកម្ហូបអាហារនៃសាខា ក.ប.ប. បាននាំយករថយន្តពិសោធន៍ម្ហូបអាហារ ចុះត្រួតពិនិត្យម្ហូបអាហារនៅតាមបណ្តាទីផ្សារ និងផ្ទះលក់ទំនិញ នៃភូមិសាស្ត្រសំខាន់ៗ ក្នុងខេត្តកំពង់ស្ពឺ ព្រះសីហនុ ស្វាយរៀង រតនគិរី កំពត កោះកុង និងរាជធានីភ្នំពេញ ក្នុងគោលបំណងសំខាន់ក្នុងការធានាឱ្យបាននូវការចរាចរទំនិញដែលមានសុវត្ថិភាពជូនប្រជាពលរដ្ឋ និងទប់ស្កាត់ទំនិញពុំមានអនុលោមភាព ប៉ះពាល់សុខភាពអ្នកប្រើប្រាស់ រំលោភសិទ្ធិអ្នកប្រាស់ និងការប្រកួតប្រជែងមិនស្មោះត្រង់ជាដើម។

ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានយកចិត្តទុកដាក់ត្រួតពិនិត្យគុណភាព សុវត្ថិភាពលើទំនិញចម្រុះគ្រប់ប្រភេទប្រមាណជិត ១០០សំណាគំរូ ក្នុងការធ្វើពិសោធន៍រកសារធាតុគីមីហាមឃាត់ក្នុងនោះ រួមមាន៖ សាច់បង្កក ប្រហិតចម្រុះ បន្លែ តំណាប់ ជ្រក់ គ្រឿងសមុទ្រ ម្ហូបអាហារក្រៀម ។ល។ ដោយបានរកឃើញទំនិញពុំមានអនុលោមភាពសរុបចំនួន ៧៣.១២គីឡូក្រាម ដោយដកហូតយកមករក្សាទុកនៅទីស្នាក់ការសាខា និងកម្ទេចចោលពេលក្រោយតាមនីតិវិធី។

ជាមួយគ្នានេះដែរ មន្ត្រីជំនាញក៏បានបន្តអប់រំ ផ្សព្វផ្សាយដើម្បីបញ្ជ្រាបការយល់ដឹងដល់អាជីវករអំពីច្បាប់និងបទប្បញ្ញត្តិនានា ដែលអគ្គនាយកដ្ឋាន ក.ប.ប. កំពុងអនុវត្ត ដើម្បីចៀសវាងការប្រព្រឹត្តបំពាន នាំឱ្យត្រូវប្រឈមចំពោះមុខច្បាប់ និងបានចែកជូននូវផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិភាពម្ហូបអាហារមួយចំនួន និងខិត្តប័ណ្ណស្តីពីកិច្ចការហាឡាលជាច្រើនសន្លឹកជូនអាជីវករផងដែរ៕

ដោយ៖តារា


ចែករំលែក៖