ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេ បញ្ជាការ ដឹកនាំគណៈប្រតិភូចុះសួរ សុខទុក្ខ និងនាំយកថវិកា គ្រឿង ឧបភោគបរិភោគចែកជូនកងកម្លាំងប្រចាំទិសយោធភូមិភាគទី៥

ចែករំលែក៖

ខេត្តបាត់ដំបង៖ ថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ពិធីប្រកាសតែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ នាយទាហាន និងសំណេះសំណាលរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជាមួយថ្នាក់ដឹកនាំ មេបញ្ជាការ គ្រប់បណ្តា កងឯកភាព ដែលកំពុងបំពេញបេសកកម្ម ទប់ស្កាត់ បង្ក្រាប បទល្មើសទន្ទ្រានយកដីរដ្ឋ និងការកាប់បំផ្លាញព្រៃឈើ និងនាំយកនូវសម្ភារៈបំពាក់ គ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនដល់ណ្តាកងឯកភាព នៅក្នុងភូមិសាស្ត្រ យោធភូមិភាគទី៥ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចគតិព្រឹទ្ធបណ្ឌិត និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ផ្ញើជូនកងកម្លាំងទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តបំពេញភារកិច្ចការពារបូរណភាពទឹកដីនៃមាតុភូមិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីតស៊ូ លះបង់កម្លាំងកាយចិត្ត និងជម្នះគ្រប់ឧបសគ្គ ប្រកបដោយវីរភាពអង់អាចក្លាហានរបស់ នាយទាហាន ពលទាហាន កងរាជអាវុធហត្ថ កងកម្លាំងនគរបាល នៅទិសយោធភូមិភាគទី៥ ក្នុងបុព្វហេតុការពារជាតិ ការពារសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ធ្ងន់ថា សន្តិភាពដែលយើងមានគឺទទួលបានដោយសារមានការលះបង់អាយុជីវិតរបស់ថ្នាក់ដឹកនាំ និងជោគជ័យនៃការអនុវត្តន៍នយោបាយឈ្នះ ឈ្នះ ដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមទាំងស្រុង នាំមកការអភិវឌ្ឍន៍ប្រទេសមានការរីកចម្រើន ប្រជាពលរដ្ឋរស់នៅសុខដុមរមនា។ ដូច្នេះ យើងគ្រប់គ្នាត្រូវថែរក្សាសន្តិភាពឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ។

ពាក់ព័ន្ធជាមួយបទល្មើសកាប់ទន្ទ្រានព្រៃឈើតំបន់អភិរក្សនេះ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានបញ្ជាឱ្យកម្លាំង ប្រដាប់អាវុធយោធភូមិភាគ អនុវត្តឱ្យបានដាច់ខាត បទបញ្ជារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ការពារព្រៃឈើនៅតំបន់អភិរក្សទូទាំងប្រទេសឱ្យខាងតែបាន និងបានប្រគល់ភារកិច្ចសំខាន់ ៣ចំណុច ឱ្យកម្លាំងយោធភូមិភាគទី៥៖ ទី១ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ទី២ត្រូវរុករកបទល្មើសភ្លាមនៅកន្លែងដែលសង្ស័យ ទី៣ត្រូវធ្វើការហ្វឹកហ្វឺនដល់យោធិន និងចុះអនុវត្តនៅតាមភូមិសាស្ត្រជាក់ស្ដែង៕


ចែករំលែក៖