ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការ លើក្រុមក្មេងទំនើងចំនួន១៥ ដើរកាប់ចាក់នៅទីក្រុងភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្រុមក្មេងទំនើងចំនួន១៥ ដើរកាប់ចាក់នៅទីក្រុងភ្នំពេញ ដែលមានធីមរបស់ពួកគេមានឈ្មោះ កាកាប (KKB) បន្ទាប់ពីតំណាងអយ្យការបញ្ចប់ការស៊ើបសួរ ក៏សម្រេចចោទប្រកាន់ពួកគេជាផ្លូវការពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវបេតុង កែងផ្លូវ១០១៩ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា២១៨ មាត្រា៤១០ និងមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕

សូមរំលឹកថា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ក្រុមក្មេងទំនើងឈ្មោះ កាកាប (KKB) មានគ្នា ចំនួន ១៥ នាក់ ប្រដាប់ដោយដាវកែច្នៃចំនួន ០៣ ដើម និងកាំបិតប៉័ងតោចំនួន ០១ ដើម បានធ្វើសកម្មភាពកាប់ទៅលើក្រុម ក្មេងទំនើងមួយក្រុមទៀតឈ្មោះ ក្រុមផ្ទះម៉ា មានគ្នាចំនួនប្រហែល១០នាក់ បណ្តាលឱ្យជនរងគ្រោះចំនួន ០១ នាក់រងរបួស ស្រាល នៅចំណុចផ្លូវបេតុង កែងផ្លូវ១០១៩ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០០ និង ៣០ នាទី ហើយក្រុមក្មេងទំនើងខាងលើក៏បានកាប់បំផ្លាញទៅលើម៉ូតូរបស់ ជនរងគ្រោះបណ្តាលឱ្យខូចខាតចំនួន០២គ្រឿង រួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនអស់។ ក្រោយមក កម្លាំងសមត្ថកិច្ចនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ ១.ឈ្មោះ មុន បញ្ហា ភេទប្រុស អាយុ១៦ឆ្នាំ ២.ឈ្មោះ រក្ស សុភក្ត្រា ភេទប្រុស អាយុ១៨ឆ្នាំ ៣.ឈ្មោះ សុខ សុផាន ភេទប្រុស អាយុ២០ឆ្នាំ និង៤.ឈ្មោះ ឆាយ ធឿន ភេទប្រុស អាយុ១៧ឆ្នាំ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីលើនេះ សមត្ថកិច្ច បាននឹងកំពុងស្រាវជ្រាវបន្ត។

បច្ចុប្បន្នជនត្រូវចោទដែលជាក្មេងទំនើងទាំងនេះត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តអាចនឹងឃុំខ្លួននៅពន្ធនារគារជាបណ្ដោះអាសន្ន៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖