ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី ស សុខា ៖ ក្រុមប្រឹក្សាជាតំណាងពលរដ្ឋ មានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិនិងប្រតិបត្តិ

ចែករំលែក៖

ខេត្តព្រៃវែង ៖ លោកអភិសន្តិបណ្ឌិត ស សុខា លើកឡើងថា ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋ ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ 

ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីមហាផ្ទៃ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានថ្លែងបែបនេះ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រៃវែង អាណត្តិទី៤ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។

លោកបានលើកឡើងថា ក្រុមប្រឹក្សាខេត្តព្រៃវែងទាំង ២៧រូប និងគណៈអភិបាលខេត្ត ត្រូវពិគ្រោះយោបល់ និងពិភាក្សាអំពីការបែងចែកភារកិច្ចក្នុងការចូលរួមធ្វើជាអធិបតីក្នុងកិច្ចប្រជុំប្រកាសក្រុមប្រឹក្សាក្រុង ស្រុក ឱ្យបានទាន់ពេលវេលា ស្របតាមគោលការណ៍ច្បាប់កំណត់ និងបន្តការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក្មេងទំនើង ល្បែងស៊ីសង ការជួញដូរមនុស្ស អាវុធជាតិផ្ទុះ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសគឺក្រុមប្រឹក្សា សហការជាមួយគណៈអភិបាល ត្រូវប្រែក្លាយខ្លួនជាអ្នកបម្រើប្រជាជនសម័យកាលឌីជីថល ពោលគឺលឿនរហ័ស មានប្រសិទ្ធភាព និងផ្តល់ភាពកក់ក្តៅជូនប្រជាជនក្នុងមូលដ្ឋាន។

លោកអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ថា ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង ក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

ដោយ ៖ សិលា


ចែករំលែក៖