ព័ត៌មានទាន់ហេតុការណ៍៖

ជំនួបពិភាក្សាការងារនិងការស្វែងយល់ពីសកម្មភាពវិនិយោគក្នុងឧស្សាហកម្មកសិ-ចំណីអាហាររបស់ក្រុមហ៊ុន Hung Hua Group

ចែករំលែក៖

ប្រទេសវៀតណាម ៖  នាទីរួមខេត្ត ដុង ថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាមកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ម្សិលមុិញ  ដែលត្រូវនឹងថ្ងៃទី២នៃដំណើរទស្សនកិច្ចផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគលើវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជានៅប្រទេសវៀតណាម ប្រតិភូគណៈកម្មាធិការវិនិយោគកម្ពុជា ដឹកនាំដោយ លោក ជា វុទ្ធី អគ្គលេខាធិការ បានបន្តដំណើរទស្សនកិច្ចរោងចក្រកែច្នៃផលិតផលកសិកម្មនិងផលិតចំណីអាហារ របស់ក្រុមហ៊ុន Hung Hua Group ដែលមានអាយុកាលវិនិយោគប្រមាណ ៥០ឆ្នាំ និងមានការទទួលស្គាល់គុណភាពជាអន្តរជាតិ លើផលិផលចំណីអាហារ ដោយផ្តោតលើមុខសញ្ញាអាទិភាព ដូចជា បង្គា ត្រី កាហ្វេ ស្វាយចន្ទី បន្លែផ្លែឈេី ។ល។ ដែលឈានមុខគេផ្គត់ផ្គង់លើទីផ្សារនៅ សហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន កូរ៉េ អូស្ត្រាលី ប្រទេសនៅមជ្ឈឹមបូព៌ា និងបណ្តាប្រទេសផ្សេងៗទៀតនៅអាសុី។

គណៈប្រតិភូ បានទស្សនកិច្ចឃ្លាំងត្រជាក់ផ្ទុកដាក់ផលិតផលសម្រេចសម្រាប់ត្រៀមនាំចេញ និងសហគ្រាសកែច្នៃផលិតផលកសិផលនិងចំណីអាហារចំនួន ៣ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ដែលមានសកម្មភាពផលិតនិងកែច្នៃផលិតផលគ្រាប់ស្វាយចន្ទី ស្វាយ ចេក ឱឡឹក និងចំណីអាហារផ្សេងៗ ដែលជាតម្រូវការខ្ពស់នៅលើទីផ្សារចំណីអាហារ។ ក្នុងឱកាសទស្សនកិច្ចនេះ គណៈប្រតិភូបានស្វែងយល់បន្ថែមពីកិច្ចការនានាដែលទាក់ទងនឹងសកម្មភាពវិនិយោគនិងដំណើរប្រតិបត្តិការរបស់ក្រុមហ៊ុន ដែលមានដូចជា៖ ការសុំច្បាប់សាងសង់, ការរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់, ផលិតភាពការងារនិងកម្រៃពលកម្មប្រចាំខែ, ប្រភពផ្គត់ផ្គង់និងការប្រមូលទិញបន្លែផ្លែឈើត្រីសាច់សម្រាប់ធ្វើការកែច្នៃ, ខ្សែច្រវ៉ាក់ផលិតកម្មនិងការទទួលបាននូវការទទួលស្គាល់ជាអន្តរជាតិពីសុវត្ថិភាព គុណភាព និងអនាម័យនៃចំណីអាហារដែលផលិតរួច, នីតិវិធី និងរយៈពេលនៃការនាំចេញទៅកាន់ផ្សារនៅក្រៅប្រទេស, និងការផ្តល់ការគាំទ្រនានាពីសំណាក់រដ្ឋាភិបាល។ 

ស្របតាមអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុន Rithy Granith Cambodia Co., Ltd. និងក្រុមហ៊ុន Hung Hua Corporation ដែលបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅប្រទេសវៀតណាម កន្លងទៅ  ក្រុមហ៊ុន Hung Hua បាននិងកំពុងសិក្សាជ្រើសរើសទីតាំងវិនិយោគនៅកម្ពុជាដើម្បីពង្រីកការវិនិយោគក្នុងវិស័យកែច្នៃកសិផលនិងចំណីអាហារ។ អ្នកតំណាងក្រុមហ៊ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសក្តានុពលផលិតផលកសិកម្មរបស់កម្ពុជា ជាពិសេសស្វាយចន្ទី ស្វាយកែវរមៀត និងដំណាំកសិផលផ្សេងៗទៀត។

ជាចុងក្រោយ ក្រុមហ៊ុន Hung Hua បានអះអាងថា នឹងពន្លឿនការសិក្សារៀបចំជំរុញខ្សែច្រវ៉ាក់កែច្នៃផលិតផលកសិផលនៅកម្ពុជា ឱ្យទទួលបានជោគជ័យ និងបានថ្លែងអំណរគុណដល់ការគាំទ្ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការផ្តល់នូវព័ត៌មាននានាបន្ថែមក្នុងឱកាសដំណើរទស្សនកិច្ចនេះ និងការត្រៀមជួយដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖