ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត អ៊ាង សុផល្លែត ៖ លទ្ធផលសម្រេចបានកន្លងមក គឺជាការបញ្ជាក់យ៉ាងច្បាស់ ពីភាពជោគជ័យ នៃវិធានការការពារបរិស្ថានកម្ពុជា

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នៅមន្ទីរបរិស្ថានខេត្តស្វាយរៀង លោករដ្ឋមន្រ្តី បានលើកសរសើរមន្រ្តីក្រសួងបរិស្ថាន ទាំងអស់ ដែលបានរួមចំណែកក្នុងយុទ្ធនាការនានា នៃផែនការសកម្មភាពរបស់យុទ្ធសាស្រ្ត ចក្រាវិស័យបរិស្ថាន ក្នុងនោះមានយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ទទួលបានជោគជ័យ និងមានមនុស្សចូលរួម ច្រើនជាងអ្នកបោះ សំរាម ចោលពាសវាលពាសកាល។ 

លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា លទ្ធផលសម្រេចរបស់ក្រសួងបរិស្ថាន នាពេលកន្លងមក គឺជាការសបញ្ជាក់យ៉ាងច្បាស់ ពីភាពជោគជ័យនៃវិធានការ ការពារបរិស្ថានកម្ពុជា ហើយបានបន្តទៅដល់ការព្យាបាល គឺជាការរួមគ្នាក្នុងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន!» ដែលកំពុងរីកសាយភាយនូវភាពស្អាត ពីភូមិទៅដល់ឃុំ បន្តទៅដល់ស្រុកនឹងរហូតទៅដល់ខេត្ត នៅទូទាំងប្រទេសកម្ពុជា។

លោកបានលើកទឹកចិត្តជាថ្មីទៀតដល់មន្រ្តីបរិស្ថាន សហការជាមួយរដ្ឋបាលរាជធានី ខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ ជាពិសេសជាមួយអាជ្ញារក្រុងស្រុក ភូមិ ឃុំ សង្កាត់ រួមទាំងប្រជាជនទូទៅ ដើម្បីធ្វើឱ្យកម្ពុជាស្អាត និងបង្ហាញពីបទពិសោធន៍ស្អាតនេះ ទៅដល់ឆាកអន្តរជាតិថា កម្ពុជាដែលជាផ្ទះរបស់យើងទាំងអស់គ្នាស្អាត មានអនាម័យ និងសេចក្តីថ្លៃថ្នូរ។

សូមបញ្ជាក់ថា ដើម្បីកម្ពុជាស្អាត ចាំបាច់ត្រូវមានការចូលរួមពីប្រជាជនទូទៅ យុវជន សិស្សានុសិស្ស និងភាគីពាក់ព័ន្ធទាំងអស់ធ្វើការរួមគ្នា ហើយក្នុងនោះយើងបានចាប់ផ្តើម ពីចំណុចដំបូងគេ គឺធ្វើឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានបង្កើតផ្នត់គំនិតស្អាត ហើយភាពស្អាតចេញពីចិត្ត បានធ្វើឱ្យយើងបានកាត់បន្ថយថង់ប្លាស្ទិកប្រមាណជាង ៣០លានថង់ក្នុង១ថ្ងៃ និងកាត់បន្ថយការនាំចូលថង់ប្លាស្ទិកប្រមាណជាង ៧០% នៅក្នុងដើមត្រីមាសដំបូង នៃឆ្នាំ២០២៤នេះ។

បន្ទាប់ពីខេត្តកំពង់ចាម មកដល់ខេត្តព្រៃវែង និងបន្តមកដល់ខេត្តស្វាយរៀង លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរបរិស្ថាន តាមបណ្តាខេត្តជាបន្តបន្ទាប់ នៅក្នុងថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៤ម្សិលមុិញ។ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន មានគម្រោង ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការ មន្រ្តីឧទ្យានុរក្ស មន្រ្តីជាប់កិច្ចសន្យារបស់មន្ទីរបរិស្ថានទាំងអស់។ 

ក្នុងសប្តាហ៍កន្លងទៅ លោកបណ្ឌិត អ៊ាង សុផល្លែត បានជួបសំណេះសំណាល និងសួរសុខទុក្ខមន្រ្តី នៅខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នៅខេត្តសៀមរាប និងកំពង់ធំ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤។ តាមគម្រោង លោករដ្ឋមន្រ្តីនឹងធ្វើដំណើរ ទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង នៅដើមសប្តាហ៍ក្រោយ បន្ថែមទៀត៕

ដោយ ៖ សិលា


ចែករំលែក៖