ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអាមេរិកថា លោកពូទីន នឹងមិនបញ្ឈប់នៅត្រឹមអ៊ុយក្រែននោះឡើយ

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តផ្ដល់ការគាំទ្រដល់អ៊ុយក្រែននៅក្នុងសមរភូមិប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី ជាមួយការព្រមានថា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នឹងមិនបញ្ឈប់នៅត្រឹមអ៊ុយក្រែននោះទេ។

លោក បៃដិន បានធ្វើការកត់សម្គាល់បែបនេះក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បន្ទាប់ពីមេដឹកនាំទាំង២ ជួបពិភាក្សាគ្នាក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី៨ ខែមិថុនា (ម៉ោងនៅប៉ារីស)។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «(លោក)ពូទីននឹងមិនបញ្ឈប់នៅត្រឹមអ៊ុយក្រែននោះទេ។ ប្រទេសអឺរ៉ុបទាំងអស់នឹងត្រូវបានគំរាមកំហែង តែយើងនឹងមិនបណ្ដោយឱ្យរឿងបែបនេះកើតឡើងឡើយ»។ ប្រធានាធិបតីអាមេរិករូបនេះបន្តទៀតថា «សហរដ្ឋអាមេរិកនឹងឈរយ៉ាងរឹងមាំជាមួយអ៊ុយក្រែន ហើយខ្ញុំសូមនិយាយជាថ្មីម្ដងទៀតថា យើងនឹងមិនដើរទៅណាឆ្ងាយនោះទេ»។
នៅចំពោះមុខអ្នកសារព័ត៌មាន លោក ម៉ាក្រុង ក៏បានអរគុណលោក បៃដិន ផងដែរដែលជាមេដឹកនាំមហាអំណាចលេខ១ នៅលើពិភពលោក សម្រាប់ការធ្វើជាដៃគូដ៏ស្មោះត្រង់ និងផ្ដល់ការគោរពចំពោះអឺរ៉ុប។
គួរបញ្ជាក់ថា លោក បៃដិន និងលោក ម៉ាក្រុង កាលពីថ្ងៃសុក្រកន្លងទៅនេះ បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក្នុងទីក្រុងប៉ារីស និងបានសន្យាថានឹងបន្តគាំទ្រដល់បុព្វហេតុរបស់អ៊ុយក្រែន។ លោក ចូ បៃដិន ស្ថិតនៅក្នុងប្រទេសបារាំង ក្នុងដំណើរទស្សនកិច្ចតាំងតែពីថ្ងៃពុធ ដើម្បីចូលរួមក្នុងទិវា D-Day នៃសង្រ្គាមលោកលើកទី២៕ ដោយ៖ ធីរីណា

រូបថត៖ Reuters


ចែករំលែក៖