ព័ត៌មានទាន់ហេតុការណ៍៖

ឧបទ្វីបកូរ៉េតានតឹងខ្លាំងឡើង ក្រោយកូរ៉េខាងត្បូងប្រកាសដំណើរការឡើងវិញនូវឧបករណ៍បំពងសំឡេង

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា កូរ៉េខាងត្បូង នៅថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០២៤នេះបានប្រកាសថា ខ្លួននឹងដំណើរការឧបករណ៍បំពងសំឡេងធំៗក្រោមយុទ្ធនាការឃោសនាប្រឆាំងនឹង កូរ៉េខាងជើង នៅតាមតំបន់ព្រំដែនឡើងវិញ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបង្ហោះបាល់ឡុងសំរាមចូលដីកូរ៉េខាងត្បូងសាជាថ្មី។
ក្នុងសេចក្ដីថ្លែងការណ៍មួយ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានគូសបញ្ជាក់ដូច្នេះថា «យើងនឹងដំឡើងឧបករណ៍បំពងសំឡេងប្រឆាំងកូរ៉េខាងជើង នៅថ្ងៃនេះ (ថ្ងៃទី៩ ខែមិថុនា) ហើយនឹងចាប់ផ្ដើមយុទ្ធនាការឃោសនាឡើងវិញ»។ សេចក្ដីថ្លែងការណ៍នេះដដែលបន្ថែមទៀតថា កូរ៉េខាងជើងគឺជាអ្នកទទួលខុសត្រូវទាំងស្រុង ចំពោះការកើនឡើងភាពតានតឹងរវាងកូរ៉េទាំង២។ ការសម្រេចចិត្តនេះដែរធ្វើឡើងក្រោយទីក្រុងសេអ៊ូល ព្យួរកិច្ចព្រមព្រៀងយោធាមួយដែលបានចុះហត្ថលេខា ជាមួយកូរ៉េខាងជើងកាលពីឆ្នាំ២០១៨។
គួរបញ្ជាក់ថា បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងកាលពីយប់ថ្ងៃសៅរ៍ រហូតដល់ព្រឹកថ្ងៃអាទិត្យ ទី៩ ខែមិថុនា បានបង្ហោះបាឡុងសណ្ដោងសំរាមជាង ៣០០បាល់ឡុង ចូលក្នុងទឹកដីកូរ៉េខាងត្បូង។ បាឡុងសំរាមទាំងនោះត្រូវបានប្រទះឃើញក្នុងទីក្រុងសេអ៊ូល និងទីតាំងជាច្រើននៅក្បែរតំបន់ព្រំដែន។ កូរ៉េខាងជើងកាលពីសប្ដាហ៍មុន បានសន្យាថានឹងបន្តយុទ្ធនាការនេះសាជាថ្មី ប្រសិនបើខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើងត្រូវបានបង្ហោះចេញពីកូរ៉េខាងត្បូងចូលក្នុងទឹកដីរបស់ខ្លួន។
សកម្មជនកូរ៉េខាងត្បូងមួយក្រុម មិនបានស្ដាប់តាមការព្រមាននេះទេ និងបានបង្ហោះបាល់ឡុងសណ្ដោងខិត្តប័ណ្ណរិះគន់លោក គីម ជុងអ៊ុន រួមទាំង USB ផ្ទុកវីដេអូ បទចម្រៀង K-pop ខ្សែភាពយន្ដ និងលុយដុល្លារចូលក្នុងទឹកដីកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ៕

ដោយ៖ ធីរីណា(រូប​ថត​៖ YONHAP)


ចែករំលែក៖