ខេត្តកំពង់ស្ពឺ ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចេញ ដីកាស្ដីពីការប្រកាសបដិសេធ និងដកហូតដីព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ សម្រេច៖
ប្រការ១ ..ត្រូវបានប្រកាសបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាន់កាប់ យកដីរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ ដោយខុសច្បាប់ លើទីតាំងដីចំនួន០៣កន្លែង ដែលមានផ្ទៃដីសរុប ៣៤៣៤ហិកតា (បីពាន់បួនរយសាមសិបបួនហិកតា) ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្ត្រឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានចំណុចនិយាមកា និងផែនទីបង្ហាញទីតាំងដីភ្ជាប់មកជាមួយស្រាប់។
ប្រការ២..កំណត់រយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការ សម្រាប់ទុកសិទ្ធិដើម្បីធ្វើការតវ៉ា។
ប្រការ៣..បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងដីកានេះ ត្រូវទុកជានិរាករណ៍។
ប្រការ៤..រដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកឱរ៉ាល់ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ការិយាល័យដែនជម្រកសត្វព្រៃ អនុគណៈកម្មាធិការខេត្ត ក្រុមការងារដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ទន្ទ្រាន យកដីព្រៃរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់លើតំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធនានា ត្រូវអនុវត្តន៍ដីកានេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕
ដោយ ៖ សិលា