ភ្នំពេញ៖ នារីម្នាក់បានបើករថយន្ត Lexus NX200t មួយគ្រឿងក្នុងល្បឿនលឿនហើយស្រាប់តែរេចង្កូតជ្រុលទៅបុករថយន្តលាងសម្អាតផ្លូវបណ្តាលឱ្យដាច់កង់មួយចំហៀងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អដែរដែលមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចទល់មុខវិទ្យាល័យ ចតុមុខ លើផ្លូវព្រះនរោត្តម ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តលាងសម្អាតផ្លូវមួយគ្រឿងពាក់ស្លាកលេខ AT24 3-1965 កំពុងតែបើកលាងសម្អាតលើផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនមធ្យម។
ខណៈពេលបើកលាងផ្លូវមកដល់ចំណុចកើតហេតុទល់មុខនឹងវិទ្យាល័យចតុមុខស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងម៉ាក Lexus NX200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-7123 បើកបរដោយនារីម្នាក់ក្នុងទិសដៅបញ្រ្ចាសគ្នាពីជើងមកត្បូងក្នុងល្បឿនលឿនបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកចំពីមុខចំហៀងខាងឆ្វេងរថយន្តលាងសម្អាតផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្ត Lexus NX200t ដាច់កង់មួយចំហៀងខាងឆ្វេងខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្ស។ ចំណែកឯនារីបើករថយន្តបង្កបានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។
ក្រោយកើតហេតុខាងលើ ដោយភាគីទាំងសងខាងព្រមសម្របសម្រួលគ្នា ដោយភាគីអ្នកតំណាងរថយន្តបង្ក ម៉ាកLexus NX200t សងថ្លៃជួសជុលទៅលើរថយន្តលាងសម្អាតផ្លូវដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ហើយយករថយន្តទៅជួសជុលរៀងៗខ្លួន៕
ដោយ៖សុខាសែនជ័យ