ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ៖ ការដាក់ចេញគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ គឺសំដៅបង្កើនប្រសិទ្ធភាពការរៀបចំយន្តការនិងប្រព័ន្ធការងារប្រទេសរបស់យើងឱ្យបានច្រើន ដើម្បីធានានូវការបម្រើប្រជាពលរដ្ឋឱ្យបានលឿននិងប្រកបដោយប្រសិទ្ធភាព ដោយបង្ខិតសេវាឱ្យទៅកៀកជាមួយប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ការរៀបចំដាក់ចេញនូវប្រព័ន្ធច្រកចេញចូលតែមួយបានជួយកាត់បន្ថយពេលវេលា កាត់បន្ថយចំណាយ កាត់បន្ថយការិយាធិបតេយ្យ និងដើម្បីបង្កើនប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។ ដូច្នេះការកែទម្រង់គឺធ្វើឡើងដោយផ្អែកលើទិសដៅច្បាស់លាស់ ពោលគឺចាប់តាំងពីការរំដោះពីរបបប្រល័យពូជសាសន៍ពលពតមក រដ្ឋាភិបាលមានទិសដៅធ្វើឱ្យប្រទេសរឹងមាំ ឱ្យប្រជាជនកាន់តែមានជីវភាពល្អប្រសើរ និងលើកកម្ពស់សមត្ថភាពរបស់រាជរដ្ឋាភិបាលខ្លួនឯងក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទនិងបើកវគ្គបណ្តុះបណ្តាលនៃសាលាភូមិន្ទរដ្ឋបាល ដែលប្រារព្ធនៅវិទ្យាស្ថានជាតិអប់រំ» នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ជោគជ័យលើកំណែទម្រង់ដ៏ធំបំផុតក្នុងការប្រឡង មិនមែនគ្រាន់តែជាការរឹតបន្ដឹងការប្រឡងនោះទេ ប៉ុន្ដែជាការកែប្រែឥរិយាបថរបស់សិស្ស និងឪពុកម្ដាយរបស់សិស្សឱ្យពួកគាត់ បញ្ឈប់ ស្វែងរកការអន្តរាគមន៍នៅពេលមានការប្រឡងណាមួយដូចជាការប្រឡងបាក់ឌុបជាដើម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ សាលាភូមិន្ទរដ្ឋបាល គួរជាសាលាដែលមាន ស្តង់ដាវិន័យខ្ពស់ ដោយសិស្ស និងកម្មសិក្សាការីម្នាក់ៗ ត្រូវគោរពតួនាទី និងភារកិច្ចរបស់សាលាដោយខ្លួនឯង និងមិនគួរអនុវត្តវិធានការវិន័យតឹងរ៉ឹងនោះទេ។ ព្រោះថា អ្នកដែលបញ្ចប់ការសិក្សានៅ ទីនេះ នឹងក្លាយជាមន្ត្រីបម្រើសេវាសាធារណៈជូនពលរដ្ឋ និងជាអនាគតកាន់ការងារជាមេដឹកនាំ ហេតុនេះ ត្រូវធ្វើជាគំរូដល់សាធារណជន ៕
ដោយ ៖ សិលា