ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលតម្រង់ទិសជំនាញពិធីការ ប្រពៃណី និងបដិសណ្ឋារកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមុិញ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមបិទវគ្គបណ្ដុះបណ្ដាលតម្រង់ទិសជំនាញពិធីការ ប្រពៃណី និងបដិសណ្ឋារកិច្ច ដល់សិក្ខាកាមចំនួន២០០នាក់ របស់ក្រុមហ៊ុនឈូកប្រណិត ។ វគ្គបណ្ដុះបណ្ដាលនេះ មានការគាំទ្រ និងចូលរួមដោយវាគ្មិនជំនាញពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងធម្មការ និងសាសនា និងគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ។

ថ្លែងក្នុងពិធីបិទនេះ លោកស្រីរដ្ឋលេខាធិការបានបញ្ជាក់ច្បាស់ៗថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រីករាយនឹងរង់ចាំរួមសហការជានិច្ច គ្រប់បណ្ដាគ្រប់ហ៊ុន អាជីវកម្ម និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានបំណង ចង់បង្កើតកម្មវិធី មាតិកាក្នុងន័យចូលរួម ថែរក្សា និងអភិវឌ្ឍវិស័យវប្បធម៌គ្រប់ទម្រង់ ព្រោះវប្បធម៌ ជាកេរដូនតា គឺជាកាតព្វកិច្ចរបស់យើងទាំងអស់ត្រូវពូនជ្រំថែរក្សា។ 

លោកស្រីបានរំលឹក ដល់សិក្ខាកាមទាំងអស់ ក្នុងនាមយើងជាអ្នកប្រតិបត្តិនូវការងារបដិសណ្ឋារកិច្ច តោងស្គាល់ ដឹង និងយល់ឱ្យច្បាស់ពីសុជីវធម៌ក្នុងភាសាទំនាក់ទំនងនិងកាយវិការ។ ជាចុងបញ្ចប់លោកស្រីបានថ្លែងអំណរគុណ ដល់គ្រប់ហ៊ុនឈូកប្រណិត ដែលដឹកនាំដោយលោក ជុន រ័ត្ន  ដែលបានខិតខំប្រឹងប្រែងចំណាយទាំងគំនិត ពេលវេលា និងថវិកា ដើម្បីឱ្យកម្មវិធីដ៏ល្អ និងមានសារៈសំខាន់ជួយដល់សង្គម នេះបានកើតឡើងដោយរលូន ហើយលោកជំទាវបានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ សូមយកចំណេះដឹងនេះទៅផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ និងប្រើប្រាស់ដោយមានជំនឿចិត្ត ព្រោះយើងបានស្គាល់ខ្លួនឯងច្បាស់មិនខ្លាចនូវភាពច្របូកច្របល់ពីខាងក្រៅច្រោះចូលមកខាងក្នុងឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖