ភ្នំពេញ៖ បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះថា៖ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០៧ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស០៩នាក់ គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី០៧ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងបញ្ជាក់បន្ថែមថា បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ រួមមាន៖
១៖ ទទួលបានបណ្តឹងសរុប ១,៥៩៣សំណើមានមនុស្ស ៣,៤៩២នាក់
២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ១,៤១១សំណើ និងបិទសំណុំរឿង ៤៦០សំណើ (រកឃើញមនុស្ស ២,០៨០នាក់, ឃាត់ខ្លួនជនសង្ស័យ ១៤៧នាក់, បិទក្រុមហ៊ុន៥ទីតាំង និងផ្អាកអាជីវកម្មក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)
៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ១៣១ករណី។
បន្ថែមពីនេះ សមត្ថកិច្ចកម្ពុជា កំពុងបន្តប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេតសំណើនិងសំណូមពរដែលនៅសេសសល់៕
ដោយ៖ តារា