ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ចក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ អញ្ជើញចែកអាវភ្លៀងដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់កងកម្លាំងប្រដាប់អាវុធឈរជើងនៅទិសភូមិភាគទី៣។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឧត្តមសេនីយ៍ ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៣ រួមកងកម្លាំងចំណុះយោធភូមិភាគទី៣ ទាំង២១អង្គភាព បានចូលរួមទទួល អំណោយ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងថា ខែវស្សាមកដល់ហើយ យើងបាននាំអាវភ្លៀងដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីត្រៀមឱ្យហើយការចូលរួមរបស់កងកម្លាំង ក្នុងកិច្ចការជួយសង្គ្រោះប្រជាពលរដ្ឋ នារដូវវស្សា។
ជាមួយគ្នានេះ កងកម្លាំងត្រូវមានគោលជំហរដ៏រឹងមាំការពារប្រជាពលរដ្ឋ ការពារសុខសន្តិភាព បន្ទាប់ពីកម្ពុជាបានរំដោះជាតិមាតុភូមិចេញពីរបបខ្មែរក្រហមពេលនេះប្រទេសជាតិ បានកសាងទំព័រប្រវត្តិសាស្ត្រថ្មី ផ្តើមចេញពីថ្នាក់ដឹកនាំដែលមានចក្ខុវិស័យច្បាស់លាស់។ ទាំងនេះគឺត្រូវការ ការពារឱ្យបានដាច់ខាត គឺរាជរដ្ឋាភិបាលដែលបោះឆ្នោតដោយឆន្ទៈរបស់ប្រជាពលរដ្ឋ ដើម្បីឱ្យមានគោលនយោបាយមួយនាំឱ្យជាតិរីកចម្រើននាថ្ងៃអនាគត។ឧត្តមសេនីយ៍ឯកបន្តថា កំណែទម្រង់ក្នុងវិស័យការពារជាតិ,ធ្វើឱ្យកងកម្លាំងទាំងអស់មានភាពម្ចាស់ការ ច្បាស់ លាស់ ហើយបម្រើជាតិមាតុភូមិប្រកបដោយឆន្ទៈ។ បញ្ហាដែលត្រូវដោយស្រាយចំពោះមុខ នាពេលបច្ចុប្បន្ននោះគឺគ្រឿងញៀន ដែលបានបំផ្លាញធនធានមនុស្សហើយវានឹងបន្តទៅបំផ្លាញសង្គម ដូច្នេះត្រូវចាត់គ្រឿង ញៀន គឺជាសត្រូវរបស់យើង,ទាមទារឱ្យកងកម្លាំងប្តេជ្ញាកម្ទេចឱ្យអស់គ្រឿងញៀនក្នុងសង្គមជាតិឱ្យបាន ក្នុងនោះចាប់ផ្តើមចេញពីបុគ្គលជាកងកម្លាំងនីមួយៗឱ្យអស់ជាមុនមុនសិន (ត្រូវចាត់ទុកគ្រឿងញៀនជាសត្រូវផ្ទៃ ក្នុងរបស់យើង)។
ជាទស្សនៈឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានលើក ឡើងថា «យើងមិនអាចគ្រប់គ្រងមនុស្សទេ តែយើងដឹកនាំមនុស្ស និងអប់រំមនុស្សឱ្យបាន»។ ជាថ្មីម្តងទៀត លោកបានក្រើនរំលឹកចំពោះយោធិនជំនាញទាំងអស់ ដើម្បីកុំឱ្យបញ្ហាគ្រោះថ្នាក់កើតឡើងជាយថា ហេតុដូចករណីផ្ទុះគ្រាប់ដូចពេលកន្លងទៅ ដែលបណ្តាលឱ្យយុទ្ធមិត្តពលីជីវិតរហូតចំនួន២០នាក់ ដោយសោកស្តាយជាទីបំផុត។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត សង្កត់ធ្ងន់ថា រឿងដែលត្រូវព្រួយបារម្ភបំផុត គឺក្រុមប្រឆាំងតែងតែការ បង្កើតព័ត៌មានក្លែងក្លាយ តាមរយៈប្រព័ន្ធបញ្ញាសិប្បនិមិត្ត ឬហៅថា AI បង្កើតឱ្យមានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ មកលើថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើន ហើយពលរដ្ឋមួយចំនួននៅមានការភាន់ច្រឡំលើព័ត៌មានក្លែងក្លាយទាំងនេះ។
ឧត្តមសេនីយ៍ឯក ក៏អំពាវនាវដល់កងកម្លាំង ក៏ដូចជាពលរដ្ឋកុំឆាប់ជឿលើបណ្តាញសង្គម Facebook គឺព័ត៌មានខ្លះមិនពិតទេ ហើយក៏កុំប្រើប្រព័ន្ធសង្គមវាយ ប្រហារមកលើអង្គភាព ពីព្រោះអង្គភាពដោះស្រាយរហូតអស់លទ្ធភាព ពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ មិនឱ្យកងកម្លាំងម្នាក់ណាទទួលរងភាពអយុត្តិធម៌ឡើយ ហើយថ្នាក់លើក៏ត្រូវក្តាប់ឱ្យបានបញ្ហាក្នុងអង្គភាព ហើយដោះស្រាយឱ្យទាន់ពេលវេលាកុំដឹងរឿងហើយទុកចោល មិនព្រមដោះស្រាយដល់នាយទាហានរបស់ខ្លួន៕
ដោយ៖ សូរិយា