ព័ត៌មានទាន់ហេតុការណ៍៖

“សេចក្ដីណែនាំស្តីពីនីតិវិធីនៃការគ្រប់គ្រងបញ្ញើប្រៃសណីយ៍ បញ្ញើឆាប់រហ័ស និងទំនិញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន”

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង “សេចក្ដីណែនាំស្តីពីនីតិវិធីនៃការគ្រប់គ្រងបញ្ញើប្រៃសណីយ៍ បញ្ញើឆាប់រហ័ស និងទំនិញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន” នៅសាលាជាតិគយ ក្រោមអធិបតីភាពលោក ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ សិក្ខាសាលានេះប្រព្រឹត្តទៅដោយមានកិច្ចសម្របសម្រួលនិងសហការរៀបចំពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ក្រោមគម្រោង EU-GATE ដោយមានការចូលរួមពីតំណាងប្រៃសណីយ៍កម្ពុជា មន្ត្រីគយនិងរដ្ឋាករ តំណាងសភាពាណិជ្ជកម្មកម្ពុជា តំណាងសភាពាណិជ្ជកម្មសហភាពអឺរ៉ុប តំណាងសមាគមភស្តុភារកម្មកម្ពុជា តំណាងប្រតិបត្តិករបញ្ញើឆាប់រហ័ស និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) សរុបប្រមាណ ១០០រូប។
ថ្លែងក្នុងមតិបើកសិក្ខាសាលា លោកអគ្គនាយករង ផា អេងវ៉េង បានលើកឡើងពីគោលបំណងចម្បងរបស់ អគរ គឺជំរុញការអនុវត្តនូវកិច្ចដំណើរការប្រព័ន្ធឌីជីថលសម្រាប់ការបំពេញបែបបទគយមុនពេលបញ្ញើឆាប់រហ័សមកដល់ ដែលជាផ្នែកមួយនៃការកែទម្រង់ពីឯកសារជាក្រដាស ទៅជាទម្រង់ឌីជីថល (Digitalisation)។ ទន្ទឹមនឹងនេះ ការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) កន្លងមក ក៏ជាផ្នែកមួយនៃការអនុវត្តការបំពេញបែបបទគយមុនពេលទំនិញមកដល់ ដែលបានអនុវត្តសម្រាប់ការស្នើសុំលិខិតអនុញ្ញាតនាំចូល-នាំចេញនានា។
ដើម្បីឱ្យការអនុវត្តការបំពេញបែបបទគយមុនពេលទំនិញមកដល់សម្រាប់បញ្ញើឆាប់រហ័សទទួលបានប្រសិទ្ធភាព ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការល្អពីប្រតិបត្តិករបញ្ញើឆាប់រហ័សក្នុងការតភ្ជាប់ប្រព័ន្ធរបស់ក្រុមហ៊ុនជាមួយប្រព័ន្ធបច្ចេកវិទ្យារបស់ អគរ ដើម្បីផ្តល់នូវព័ត៌មានកញ្ចប់បញ្ញើឆាប់រហ័សមុនពេលទំនិញមកដល់ ដែលព័ត៌មានទាំងនោះ នឹងជួយឱ្យមន្ត្រីគយមានពេលវេលាសមស្របក្នុងការវិភាគនិងវាយតម្លៃហានិភ័យមុនពេលទំនិញមកដល់ ព្រមទាំងជួយសម្រួលដល់វិស័យឯកជនអាចបញ្ចេញទំនិញបានឆាប់រហ័សជាងមុន។ ជាមួយគ្នានេះ ធាតុចូលនានារបស់ដៃគូអភិវឌ្ឍន៍និងប្រតិបត្តិករបញ្ញើឆាប់រហ័សនាសិក្ខាសាលានេះ នឹងរួមចំណែកដល់ការរៀបចំ “សេចក្ដីណែនាំស្តីពីនីតិវិធីនៃការគ្រប់គ្រងបញ្ញើប្រៃសណីយ៍ បញ្ញើឆាប់រហ័ស និងទំនិញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន” ឱ្យបានកាន់តែល្អប្រសើរ គ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបទៅនឹងនិន្នាការកើនឡើងយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែននៅកម្ពុជា។
សិក្ខាសាលានេះ ក៏មានការធ្វើបទបង្ហាញដោយតំណាង អគរ អំពីប្រកាសលេខ ៧៨៨ សហវ.ប្រក.អគរ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ស្តីពីនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់, ប្រកាសលេខ ១០០២ សហវ.ប្រក.អគរ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបញ្ញើប្រៃសណីយ៍ បញ្ញើឆាប់រហ័ស និងទំនិញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន និងសេចក្តីព្រាង“សេចក្ដីណែនាំស្តីពីនីតិវិធី នៃការគ្រប់គ្រងបញ្ញើប្រៃសណីយ៍ បញ្ញើឆាប់រហ័ស និងទំនិញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន” ។
ឆ្លៀតក្នុងឱកាសនេះ លោក ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានជម្រាបជូនអង្គសិក្ខាសាលាអំពីកិច្ចខិតខំប្រឹងប្រែងរបស់ អគរ ក្នុងការអភិវឌ្ឍស្ថាប័នរបស់ខ្លួនឱ្យក្លាយជារដ្ឋបាលគយទំនើប ឈានមុខក្នុងការផ្តល់សេវា ដើម្បីពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងរួមចំណែកការពារសង្គមប្រកបដោយចីរភាព និងប្រសិទ្ធភាព។ លោកអគ្គនាយករង ក៏បានជម្រាបជូនពីបទពិសោធន៍រដ្ឋបាលគយនានា ក្នុងការអភិវឌ្ឍខ្លួនជារដ្ឋបាលគយឆ្លាតវៃ (Smart Customs) ដែលក្នុងនោះនីតិវិធីគយស្ទើរតែទាំងស្រុងត្រូវបានគាំទ្រដោយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ហើយរដ្ឋបាលគយកម្ពុជាបាននិងកំពុងបោះជំហានទៅកាន់គោលដៅនេះ។
លោកបណ្ឌិត ឈន វឿន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន តំណាងដ៏ខ្ពស់ខ្ពស់លោក ផា អេងវ៉េង ក្នុងកម្មវិធីបិទសិក្ខាសាលា បានលើកទិសដៅសម្រាប់អនុវត្តបន្តដល់អង្គសិក្ខាសាលា រួមមាន (១).ការបន្តសហការរវាងអ្នកជំនាញការនិងមន្ត្រីគយ ដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់វិស័យឯកជនក្នុងការតភ្ជាប់ប្រព័ន្ធបច្ចេក-វិទ្យាមកកាន់ប្រព័ន្ធរបស់ អគរ (២).ការលើកទឹកចិត្តដល់វិស័យឯកជនក្នុងការតភ្ជាប់ប្រព័ន្ធ និង (៣).ការត្រៀមលក្ខណៈ ដើម្បីអនុវត្តសាកល្បងចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។

ជាលទ្ធផល សិក្ខាសាលាបានប្រមូលធាតុចូលសម្រាប់ជាមូលដ្ឋានដើម្បីរៀបចំ“សេចក្ដីណែនាំស្តីពីនីតិ-វិធីនៃការគ្រប់គ្រងបញ្ញើប្រៃសណីយ៍ បញ្ញើឆាប់រហ័ស និងទំនិញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន” និងរួមចំណែកជំរុញដល់ការអភិវឌ្ឍគម្រោងដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យា ដើម្បីទទួលព័ត៌មានជាមុនអំពីបញ្ញើប្រៃសណីយ៍និងបញ្ញើឆាប់រហ័ស ដែលផ្តល់ផលប្រយោជន៍សម្រាប់កិច្ចសម្រួលពាណិជ្ជកម្មតាមប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់រដ្ឋបាលគយ និងការបំពេញបែបបទគយមុនពេលទំនិញមកដល់ សម្រាប់បញ្ញើប្រៃសណីយ៍និងបញ្ញើឆាប់រហ័ស ៕

ដោយ ៖ សិលា


ចែករំលែក៖