ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូវ៉េវ​​បុក​រថយន្ត​នៅត្រង់ផ្លូវ​បំបែក​ជាបួន​បណ្តាល​ឱ្យបុរស​ម្នាក់​រងរបួស​ធ្ងន់

ចែករំលែក៖

​ភ្នំពេញ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​វ៉េវ​ខ្វះ​ប្រុងប្រយ័ត្ន​បានជ្រុល​ទៅ​បុក​រថយន្ត​កាមរី​ហាយប៊្រីដនៅ​ផ្លូវ​បំបែក​ជាបួន​ បណ្តាល​ឱ្យអ្នក​ជិះ​ម៉ូតូ​រងរបួស​ធ្ងន់​ធ្ងរ​។ 

​ហេតុការណ៍​នេះ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​១០យប់​ ថ្ងៃ​ទី​១០​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ នៅផ្លូវ​លេខ៣២៨​កែង​ផ្លូវ​លេខ១៩៩ ក្នុងសង្កាត់​ទួលស្វាយព្រៃ​ទី​២​ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ​ ។ 

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេឃើញ​បុរស​ម្នាក់​បានបេីក​រថយន្ត​ម៉ាក​កាមរី​ហាយប៊្រីដ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AF-0045 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ១៩៩ក្នុងទិសដៅ​ពី​កេីត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ ដែល​ជាផ្លូវ​បំបែក​ជាបួន​ក៏ស្រាប់​តែ​មានបុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​វ៉េវ​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1GH-0595 បោះ​ពួយ​តាម​បណ្ដោយ​ផ្លូវ​លេខ៣២៨​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជេីង​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ក៏ជ្រុល​ទៅ​បុក​រថយន្ត​ចំថ្ពាល់​មុខ​ចំហៀង​ខាង​ឆ្វេង​យ៉ាង​ពេញ​ទំហឹង​ បណ្តាល​ឱ្យម៉ូតូ​រងការ​ខូចខាត​ផ្នែក​ខាង​មុខ​ព្រម​ទាំង​ធ្វើ​ឱ្យបុរស​ជា​អ្នក​ជិះ​ រងរបួស​បែក​មុខ​បែក​មាត់​ហូរឈាម​សន្លប់​ស្តូកត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យភ្លាម​ៗ។

ចំណែករថយន្ត​វិញ​រងការ​ខូចខាត​ផ្នែក​ខាង​មុខ​ចំហៀង​ខាង​ឆ្វេង​ និង​ក្រពឹត​ទ្វារ​មុខ​ចំហៀង​ខាង​ឆ្វេង​ តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​ ហើយ​អ្នក​បេីក​បរ​ក៏មិន​បាន​រត់​គេច​ទៅ​ណា​ដែរ​  ។ 

ក្រោយ​ពេល​កេីតហេតុ​ ដោយ​សារតែ​មិន​មានដំណោះស្រាយ​ ទើបរថយន្ត​និង​ម៉ូតូ​ ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ធ្វើការវាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ដេីម្បី​រង់ចាំ​ដំណោះ​ស្រាយ​នៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖