ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានផ្ញើសារផ្តាំទៅក្រុមយុវជនកុំឲ្យពាក់ព័ន្ធបទល្មើសគ្រឿងញៀន ព្រោះកាលណាតែពាក់ព័ន្ធហើយ នឹងបញ្ចូលឈ្មោះទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមហាផ្ទៃ ខណៈប្រព័ន្ធនឹងក្រសួងកំពុងរៀបចំដំណើរការ។
លោកថា ទិន្នន័យនេះ នឹងបញ្ចូលឈ្មោះអ្នកពាក់ព័ន្ធគ្រឿងញៀន ហើយលទ្ធផលអវិជ្ជមាននៅពេលដែលយុវជនចង់ដាក់ពាក្យបម្រើការងារនៅតាមក្រសួង-ស្ថាប័នរដ្ឋ និងអង្គការជាដើម គេនឹងអាចចូលទៅក្នុងទិន្នន័យតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដើម្បីចង់ដឹងពីប្រវត្តិផ្ទាល់ខ្លួន ហើយបើគេចូលទៅឃើញឈ្មោះហើយ នឹងប្រឈមហានិភ័យ ដោយនឹងមិនទទួលឲ្យចូលធ្វើការនោះទេ ។
ការផ្ញើសារដាស់តឿនរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនេះ ធ្វើឡើងក្រោយបង្ក្រាបក្មេងទំនើង៦៨ករណី ឃាត់ខ្លួនជាង ៣០០នាក់ ក្នុងរយៈពេល ៧ថ្ងៃ៕
ដោយ៖ សិលា