ព័ត៌មានទាន់ហេតុការណ៍៖

ប្តីរវល់តែជួសជុលម៉ូតូ ប្រពន្ធចងកស្លាប់នៅក្នុងផ្ទះ

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់មិនដឹងជាមានវិបត្តិអ្វី នោះទេ ខណៈដែលប្តីជាជាងជួសជុលម៉ូតូ កំពុងតែធ្វើការជួសជុលម៉ូតូឱ្យភ្ញៀវនៅខាងក្រៅ លុះងើបចូលក្នុងផ្ទះវិញស្រាប់តែប្រទះឃើញប្រពន្ធចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលប្រញាប់ប្រញាល់កាត់ខ្សែយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែហួសពេលទៅហើយ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះឈ្មោះ ស៉ីម សៀកមួយ អាយុ២៧ឆ្នាំ មុខរបរមេផ្ទះ មានប្តីជាជាងជួសជុលម៉ូតូ មានកូនប្រុសចំនួន២នាក់ ក្នុងបន្ទុកគ្រួសារ រស់នៅផ្ទះកើតហេតុ ។

តាមការរៀបរាប់ពីបុរសជាប្តីបានឱ្យដឹងថា គាត់ក៏មិនដឹងអំពីមូលហេតុដែលនាំឱ្យប្រពន្ធចង.កសម្លាប់ខ្លួននេះដែរ ហើយការរស់នៅក្នុងសង្គមគ្រួសារ ក៏គ្មានអ្វីល្អក់កកររវាងប្តីនឹងប្រពន្ធដែរ គឺមិនដែលឈ្លោះប្រកែកគ្នាឡើយ តែមួយរយ:ប៉ុន្មានថ្ងៃមកនេះប្រពន្ធចេះតែត្អូញឈឺក្បាល​ ស្រាប់តែនៅរសៀលថ្ងៃនេះ ខណៈដែលគាត់កំពុងជួសជុលម៉ូតូឱ្យភ្ញៀវនៅផ្នែកខាងមុខផ្ទះ លុះងើបចូលទៅក្នុងវិញស្រាប់តែប្រទះឃើញប្រពន្ធចងកជាមួយក្រមាភ្ជាប់នឹងធ្នឹមស្លាប់បាត់ទៅហើយ ទើបឆោឡោ កាត់ខ្សែទម្លាក់យកទៅមន្ទីរពេទ្យ ត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ មានតែដឹកសពប្រពន្ធវិលមកផ្ទះវិញ រាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យជាក់ស្តែង ។

សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញចុះទៅធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះស្លាប់ដោយធ្វើអត្តឃាត រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖