ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថាតំណាងអយ្យការបានសម្រេចចោទប្រកាន់លើ ជនសង្ស័យ ចំនួន ០៧ នាក់ និងបក្ខពួក ពីបទ រក្សាទុក ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ ចំណែក ជនសង្ស័យឈ្មោះ ង្វៀង វឹងហាយ (NGUYEN VOENG HAY) ភេទប្រុស អាយុ១៣ ឆ្នាំ ជនជាតិវៀតណាម ត្រូវបាន តំណាងអយ្យការធ្វើការសម្រេចបង្គាប់ឱ្យទទួលការស្តារនីតិសម្បទារ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ដោយមូលហេតុជនសង្ស័យជាអនីតិជនមានអាយុក្រោម១៤ឆ្នាំ ។
សូមរំលឹកថា កាលពីថ្ងៃទី០៣ និងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើស គ្រឿងញៀនឆ្លងដែននៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីគ្រឿងញៀន នៅចំណុចទីតាំងទី១ តាមបណ្តោយផ្លូវលេខ៤៣២ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ចំណុចទីតាំងទី២ តាមបណ្តោយផ្លូវ លេខ១៨២ ក្បែរស្តុបផ្សារដេប៉ូ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ចំណុចទីតាំងទី៣ បន្ទប់លេខបេ១៥ ជាន់ទី១៥ លំនៅដ្ឋានអិលបុរីកីឡា ផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងចំណុចទីតាំងទី៤ មុខបន្ទប់លេខបេ១៥ ជាន់ទី១៥ លំនៅដ្ឋានអិលបុរីកីឡា ផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ និងចាប់យកវត្ថុតាងពីជនសង្ស័យ ១.ឈ្មោះ ង្វៀន ឌិនថឹង (NGUYEN DIN THUAN) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ២.ឈ្មោះ ជឿង ថាន់មី (TRUONG THANH MY) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម ៣.ឈ្មោះ ហ្វាន ទៀនថាញ់ (PHAN TIEN THANH) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម ៤.ឈ្មោះ ដូ ធីមីហាន់ (DO THI MI HANH) ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ៥.ឈ្មោះ ប៊ូ ញឹកហ័ង (BUI NHAT HOANG) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម ៦.ឈ្មោះ ហូ ធីញីវិន (HO THI QUYNH) ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម ៧.ឈ្មោះ ង្វៀង វឹងវាំង (NGUYEN VOENG VANG) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម និង៨.ឈ្មោះ ង្វៀង វឹងហាយ (NGUYEN VOENG HAY) ភេទប្រុស អាយុ១៣ ឆ្នាំ (កើតថ្ងៃទី១០ ខែតុលា ឆ្នាំ២០១០) ជនជាតិវៀតណាម រកឃើញសារធាតុញៀនប្រភេទ កេតាមីនមានទម្ងន់ ៩.៩០៤ ក្រាម ប្រភេទ មេតំហ្វេតាមីន មានទម្ងន់ ១៤,១២ ក្រាម ប្រភេទ MDMA មានទម្ងន់ ៨៩៩,៣៩ ក្រាម និងសារធាតុមិនច្បាស់ មានទម្ងន់ ៣០.៧៤៩ ក្រាម។ ក្រោយបញ្ចប់ ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើ មកកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះសមត្ថកិច្ច បាននឹងកំពុងស្រាវជ្រាវបន្ត។
បច្ចុប្បន្នក្រុមជនត្រូវចោទ ត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តអាចនឹងឃុំខ្លួននៅពន្ធនារគារជាបណ្ដោះអាសន្ន៕
ដោយ ៖ រ៉ារ៉ា