ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល​២ថ្ងៃ​! នគរបាលស្រុកក្រគរ​ ឃាត់ខ្លួន​ជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ នៅព្រឹកថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចនគរបាលស្រុកក្រគរ​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន​ជនសង្ស័យចំនួន៦នាក់​ ជាបន្តបន្ទាប់​ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ ក្នុងរយៈពេល​ពីរ​ថ្ងៃ​ជាប់គ្នា​ និងបានបង្ហាញមុខ​ជាសាធារណៈ​ មុនបញ្ជូនទៅតុលាការ​ ដេីម្បីចាត់ការតាមច្បាប់​។ 

លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានប្រាប់ឲ្យដឹងថា ៖ ដោយអនុវត្តយ៉ាងម៉ឹងម៉ាត់ នូវប្រសាសន៍ចង្អុលការរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ នៅតាមមូលដ្ឋាន កម្លាំងនគរបាលរបស់អធិការដ្ឋាននគរបាលស្រុកក្រគរ បានចេញប្រតិបត្តិបង្ការ ករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៣ករណី​ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ៣ករណី កាលពីថ្ងៃទី៩ និង១០ ខែមិថុនា ឆ្នាំ២០២៤។ 

ករណីទី១ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៨ និង៣៩នាទី ដឹកនាំដោយលោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ ចុះបង្រ្កាបករណីរក្សាទុក ប្រេីប្រាស់ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះថ្មទុកចោលស្ថិតនៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់​ឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ឈ្មោះ ឡាក់​ ដុងឌីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ នឹងវត្ថុតាងដកហូត ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៧កញ្ចប់ ទម្ងន់០,៨២ក្រាម (ថ្លឹងសាច់ថ្នាំសុទ្ធ) ,ទូរសព្ទដៃ១គ្រឿង ,ម៉ូតូ១គ្រឿង ,ធ្វេីតេស្តទឹកនោម​ អវិជ្ជះមាន( – ) ,ក្រោយមកសមត្ថកិច្ចក៏បានសួរចម្លេីយឈ្មោះ ឡាក់​ ដុងឌីន​ បានសារភាពថាចំពោះថ្នាំញៀនចំនួន ៧កញ្ចប់ គឺឈ្មោះ​ យឹម​ សំរិទ្ធ​ ជាអ្នកប្រេីអោយខ្លួនយកមកឱ្យគេ​។ សមត្ថកិច្ចបានបន្តនីតិវិធី។ 

ករណីទី២ កាលពីថ្ងៃទី១០ ​ខែមិថុនា ​ឆ្នាំ២០២៤​ វេលាម៉ោង​៩​ និង១០​នាទី​ កម្លាំងសមត្ថកិច្ចបានបន្តចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះមិត្តភ័ក្តរបស់ឈ្មោះ​ យឹម​ សំរិទ្ធ ស្ថិតនៅភូមិឪម៉ាល់​ សង្កាត់រលាប​ ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់​  ឈ្មោះ​ យឹម សំរិទ្ធ ភេទប្រុស អាយុ៣១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិកណ្តាល ឃុំអន្លង់ត្នោត​ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នឹងវត្ថុតាងដកហូតរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់  ទម្ងន់០,៥១ក្រាម (ថ្លឹងសាច់ថ្នាំសុទ្ធ) ,ទូរស័ព្ទដៃ២គ្រឿង ,ធ្វេីតេស្តទឹកនោមវិជ្ជមាន(+) ,ក្រោយមកសមត្ថកិច្ចក៏បានសួរចម្លេីយឈ្មោះ​ យឹម​ សំរិទ្ធ បានសារភាពថាចំពោះថ្នាំញៀនខាងលេីរូបខ្លួនបានទិញពីឈ្មោះ​ សុភ័ក្រ​ បន្ទាប់មកសមត្ថកិច្ចក៏បានបន្តនីតិវិធី។ 

ករណីទី៣ កាលពីថ្ងៃទី១០​ ខែមិថុនា ​ឆ្នាំ២០២៤ វេលាម៉ោង​១០ និង២៥នាទី កម្លាំងសមត្ថកិច្ចបានបន្តចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ (ស្រី១នាក់) ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ​​នៅចំណុចផ្ទះ ថុន​ សុភ័ក្រ ស្ថិតនៅភូមិដងឡង​ ឃុំកោះជុំ​ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់​ ១-ឈ្មោះ​ ថុន​ សុភ័ក្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដងឡង​ ឃុំកោះជុំ​ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់​(តេស្តទឹកនោមវិជ្ជមាន+), ២-ឈ្មោះ​ សំណាង​ ស្រីមាស ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដងឡង​ ឃុំកោះជុំ​ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់​ ត្រូវជាប្រពន្ធរបស់ឈ្មោះ​ ថុន​ សុភ័ក្រ​ ធ្វេីតេស្តទឹកនោម​ អវិជ្ជមាន(-), ៣-ឈ្មោះ​ ផាត់​ សុភា ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរលាប សង្កាត់រលាប ស្រុកសំពៅមាស ខេត្តពោធិ៍សាត់​(តេស្តទឹកនោមវិជ្ជមាន+), ៤-ឈ្មោះ​ ចាន់​ ឧត្តម ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះ ឃុំរលកសស្រុកសំពៅមាស ខេត្តពោធិ៍សាត់​(តេស្តទឹកនោមវិជ្ជមាន+) និងវត្ថុតាងដកហូតនៅផ្ទះរបស់ឈ្មោះ ថុន​ សុភ័ក្រ រួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៣កញ្ចប់ ទម្ងន់១១,៣៧ក្រាម (ថ្លឹងសាច់ថ្នាំសុទ្ធ) ,ទូរសព្ទដៃ៥គ្រឿង ,ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀនចំនួន១គ្រឿង ,សម្ភារៈជក់មួយកំប្លេរ ,ថង់សម្រាប់រំលែកថ្នាំញៀនមួយចំនួន ,កញ្ឆារក្រៀមចំនួន១កញ្ចប់ ,ឆាំសម្រាប់ចូកថ្នាំញៀនចំនួន២ ,កាបូបតូចពណ៌ខ្មៅសម្រាប់ដាក់ថ្នាំញៀនចំនួន១​ ,កញ្ចប់បារីម៉ៃសេវេនសម្រាប់ដាក់ជញ្ជីងអេឡិចត្រូនិច​ចំនួន១កញ្ចប់។ 

លោកអធិការបានបន្តថា បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ រួមនិងវត្ថុតាងខាងលើសមត្ថកិច្ចបានឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ ដេីម្បីចាត់ការតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖