ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះវាយតប់គ្នារវាងជនភេទទី៣(ប្រុស​ចរឹក​ស្រី)​រឿងដណ្តើមប្រុសស្នេហ៍​ មានគ្នា ០៥នាក់​ ត្រូវ​សមត្ថកិច្ច​បញ្ជូនខ្លួន​ទៅតុលាការ​ក្រុងភ្នំពេញ​

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០២៤នេះថា៖​ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួន​ក្រុមក្មេងទំនើង០២ក្រុមជាជនភេទទី៣(ប្រុស​ចរឹក​ស្រី)​ សរុបចំនួន០៥នាក់ បង្កអសន្តិសុខតាមសួនច្បារសាធារណៈ យកមកសាកសួរ បន្ទាប់ពី​ពួកគេ​បានធ្វេី​សកម្មភាព​ឈ្លោះ​វាយតប់គ្នារឿងដណ្តើមប្រុសស្នេហ៍​។ 

ប្រភពដដែលបន្តថា​ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤​ បានចុះអនុវត្តបង្ការទប់ស្កាត់និងបង្ក្រាប ក្រុមក្មេងទំនើងបង្កអសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលបានធ្វើសកម្មភាពវាយប្លន់ យកទ្រព្យសម្បត្តិ ប្រើប្រាស់ហិង្សា និងបង្កខូចខាតទ្រព្យាសម្បត្តិជនរងគ្រោះ ក្នុងភូមិសាស្រ្តខណ្ឌដូនពេញ។

បេីតាមការ​បញ្ជាក់ពី​នគរបាល​ខណ្ឌ​ដូនពេញ​ បានឱ្យដឹងថា​ នៅចំពោះមុខកម្លាំងជំនាញខណ្ឌប៉ុស្តិ៍ បាននិងកំពុងបង្កើនការយកចិត្តទុកដាក់ ធ្វើការត្រួតពិនិត្យ សមាសភាពក្មេងទំនើងក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋាន ពិនិត្យមធ្យោបាយសង្ស័យ កន្លែងប្រមូលម្តុំផ្សេងៗ និងជាសប្បាយភាពដូចជា គោលដៅសួនវត្តបទុមវត្តី បឹងកក់។ល។ ក្នុងអំឡុងពេលចុះល្បាត ក៏បានឃើញក្មេងទំនើងជាភេទទី៣ មាន០២ក្រុម មានគ្នាសរុបចំនួន៥នាក់ មានជម្លោៈវាយគ្នាទៅវិញទៅមក ដោយសារដណ្តើមប្រុសស្នេហ៍រវាងក្មេងៗភេទទី៣ (មិនមានរបួសស្នាម) វេលាម៉ោង ៣:៣០នាទីទាបភ្លឺ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ 

ហេតុការណ៍ដែលបង្កឡើងដោយ ក្រុមក្មេងៗប្រុសភេទទី៣ ចំនួន០២ក្រុម ម្ខាងមានគ្នាចំនួន០៣នាក់ និងម្ខាងទៀតមានគ្នា០២នាក់ បានធ្វើសកម្មភាពវាយតប់គ្នានៅលើសួនច្បារវត្តបទុមវតី ផ្លូវសុធារស ភូមិ២ សង្កាត់ចតុមុខខណ្ឌដូនពេញ។ ភ្លាមនោះកម្លាំងជំនាញខណ្ឌ​ដែលមានភារៈកិច្ចឈរជើងត្រួតពិនិត្យសភាពការណ៍ក្មេងទំនើង និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ នៅគោលដៅសួនមុខវត្តបទុមវតី គោលដៅ(ស្តុប)ខាងលើ ក៌បានចេញអន្តរាគមន៍ឃាត់ខ្លួនបានជនបង្កហេតុភេទទី៣ទាំង០៥នាក់ នេះយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យខាងលេី​នេះ​ ត្រូវ​កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានកសាង​សំណុំរឿង​បញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីបន្តនីតិវិធីច្បាប់៕

ដោយ​៖ តារា​


ចែករំលែក៖