ព័ត៌មានទាន់ហេតុការណ៍៖

កម្មការិនីរោងចក្រចេញពីផ្ទះទៅធ្វេីការប៉ះចំក្រុមទម្លាក់យោងចាញ់បោកអស់គ្រឿងអលង្ការពីខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីវ័យ១៨ឆ្នាំម្នាក់ ជាកម្មការិនីរោងចក្រចាកចេញពីផ្ទះបំណងទៅធ្វេីការប៉ះចំក្រុមទម្លាក់យោងចាញ់បោកល្បួងនាំទៅចែកមាស ដោយបោកយកគ្រឿងអលង្ការអស់ពីខ្លួនរលីង បានមកវិញនូវខ្សែកក្រឡៃ សឹងប៉ុនកូនដៃ យកទៅបង្អួតម្តាយ គ្រាដែលដើរទៅធ្វើការងាររោងចក្រ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះមានឈ្មោះ បុត្រា សៀវមុី អាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ទើបរៀបការហើយបាន២៨ថ្ងៃ មានប្តីជាអ្នកបើកបររថយន្ត ស្នាក់នៅបន្ទប់ជួល លេខC2 ផ្លូវបេតុង ភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិបឹងព្រោះ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ។ សម្ភារៈបាត់បង់ ខ្សែកប្លាទីន១ខ្សែ ទម្ងន់៣ជី ,ចិញ្ចៀនមាស ២វង់ ទម្ងន់៤ជី , ទូរស័ព្ទដៃ ម៉ាកVIVO ១គ្រឿង ។ ប្តូរបានមកវិញនូវខ្សែកក្រឡៃ១ខ្សែ ថង់ក្រហមមួយ កាបូបដៃមួយ ទុកគ្រាន់បង្ហាញប្តី ។

តាមការយំរៀបរាប់ពីស្ត្រីរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ ខណៈដែលដើរទៅធ្វើការងាររោងចក្រ ទើបចេញពីបន្ទប់ជួលបានបន្តិច ស្រាប់តែលេចមុខស្ត្រីសង្ស័យម្នាក់ មកសួររឿងគេជ្រុះកញ្ចប់មាស មិនទាន់ឆ្លើយផង ក៏មានស្ត្រីសង្ស័យម្នាក់ទៀត ដើរមកប្រាប់ថាកុំមាត់ រូបគេរើសបាន យើងយកទៅចែកគ្នា ហើយល្បួងនាំជិះម៉ូតូ ហុងដាឌ្រីម២គ្រឿង នាំគ្នាជិះទៅដល់ផ្លូវបេតុង ក្នុងភូមិក្រាំងដូនទៃ ក្បែរផ្លូវជាតិលេខ៣ឈប់ ហើយស្ត្រីសង្ស័យហុចថង់ក្រហម លាតស្រាយឱ្យមើលឃើញខ្សែកក្រហមច្រាល ហើយដោះយកគ្រឿងអលង្ការពីខ្លួន ទាំងទូរស័ព្ទដៃមួយគ្រឿង រួចជនសង្ស័យប្រាប់ឱ្យរង់ចាំ ពួកគេទៅកាត់មាសចែកគ្នា ហើយជិះចេញទៅបាត់អស់ ។

ក្រោយពីក្រុមជនសង្ស័យគ្នា៤នាក់ ស្រី២នាក់ ប្រុស២នាក់ គេចខ្លួនបាត់អស់ ក៏ដើរវិលទៅបន្ទប់ជួលវិញ ប្រាប់ម្តាយតាមដំណើររឿង ហុចថង់មាសឱ្យមើល ទើបម្តាយ អ្នកជិតខាងប្រាប់ថា ខ្សែកក្រឡៃ ចាញ់បោកគេហើយ អស់សង្ឃឹម អង្គុយ ដេកយំ នឹកស្តាយទ្រព្យ ។

តាមស្ត្រីឈ្មោះ វ៉ន សំអូន អាយុ៥១ឆ្នាំ ត្រូវជាម្តាយ របស់ជនរងគ្រោះ ស្នាក់នៅបន្ទប់ជួល២នាក់កូនស្រី បានឱ្យដឹងថា កូនស្រីគាត់ទៀបរៀបការបានជិត១ខែ ខំចែកទ្រព្យ គ្រឿងអលង្ការឱ្យ បែរជាមកចាញ់បោកក្រុមទម្លាក់យោងយកអស់ពីខ្លួនរលីង ។ ក្រោយកើតហេតុ ជនរងគ្រោះ និងម្តាយ ត្រូវបានអ្នកភូមិណែនាំឱ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ រកក្រុមមុខសញ្ញាឆបោក ទម្លាក់យោងខាងលើ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖