ភ្នំពេញ ៖ រាជរដ្ឋាភិបាលចេញ សារាចរ ស្តីពីការរៀបចំនិងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ។
យោងព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី អនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន អនុក្រឹត្យលេខ១១៤ អនក្រ.បក ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធ គ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អនុក្រឹត្យលេខ១១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន និងផ្អែកលើស្នូលនៃ”យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១” ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលផ្តោតលើអភិបាលកិច្ចនិងការធ្វើទំនើបកម្ម ស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ព្រមទាំង ដើម្បីធានាឱ្យបាននូវការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នមានប្រសិទ្ធភាពខ្ពស់ឈរលើអភិក្រម ពង្រឹងនិងការរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ រាជរដ្ឋាភិបាលសូមដាក់ចេញនូវវិធានការពាក់ព័ន្ធនឹងការរៀបចំនិងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដូចខាងក្រោម៖ ១. គោលការណ៍នៃការរៀបចំនិងការកែសម្រួលរចនាសម្ព័ន្ធ ការពង្រឹងនិងការរៀបចំឱ្យបានរៀបរយនូវរចនាសម្ព័ន្ធដែលមានស្រាប់៖ ក្រសួង ស្ថាប័នត្រូវពិនិត្យ
និងរៀបចំរចនាសម្ព័ន្ធដែលមានស្រាប់ឱ្យបានរៀបរយ ដោយប្រើប្រាស់ឱ្យអស់នូវលទ្ធភាពនិងសក្តានុពល ក្នុងការកែលម្អការអនុវត្តមុខងារដែលជាសមត្ថកិច្ចរបស់ខ្លួន ការរៀបចំរចនាសម្ព័ន្ធឱ្យបានសមស្រប ក្នុងការគាំទ្រការអនុវត្តមុខងារ និងការរៀបចំរំហូរការងារក្នុងក្រសួង ស្ថាប័ន ព្រមទាំងការកំណត់ គណនេយ្យភាពនិងការទទួលខុសត្រូវច្បាស់លាស់ក្នុងការបំពេញការងារ ការរក្សាចំនួនអង្គភាព៖ ការរៀបចំនិងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន មិនត្រូវនាំឱ្យ មានការបង្កើនចំនួនអង្គភាពទោះក្នុងកម្រិតណាមួយក៏ដោយ ឬបន្ថែមទម្ងន់បែបបទនិងនីតិវិធីដែល មានស្រាប់នៅតាមអង្គភាពរបស់ក្រសួង ស្ថាប័នឡើយ។ ក្រសួង ស្ថាប័ន ត្រូវពិនិត្យឡើងវិញរចនាសម្ព័ន្ធ មានស្រាប់ដែលមិនឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ននិងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នៃរដ្ឋសភា ដើម្បីធ្វើការកែសម្រួលឬច្របាច់បញ្ចូលគ្នាឬលុបចោល។
ការបង្កើតអង្គភាពថ្មី ត្រូវផ្អែកលើហេតុផលច្បាស់លាស់ ដើម្បីប្រសិទ្ធភាពការងារនិងឆ្លើយតបនឹង ការតម្រូវដែលមានក្នុងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧នៃរដ្ឋសភា
ការរក្សានូវកម្រិតឬឋានៈអង្គភាព៖ ការរៀបចំនិងកែសម្រួលរចនាសម្ព័ន្ធដែលមានស្រាប់របស់ក្រសួង ស្ថាប័ន មិនត្រូវធ្វើការដំឡើងកម្រិតឬឋានៈអង្គភាព ដែលជាហេតុនាំឱ្យមានការកើនរចនាសម្ព័ន្ធរបស់ ក្រសួង ស្ថាប័នឡើយ
ការធានានូវប្រសិទ្ធភាពនៃការគ្រប់គ្រងនិងប្រើប្រាស់ធនធានមនុស្សនិងថវិកា៖ ការរៀបចំនិង ការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ត្រូវអនុវត្តដើម្បីធានាឱ្យបាននូវការគ្រប់គ្រងនិងប្រើប្រាស់ ធនធានមនុស្សនិងថវិកាប្រកបដោយប្រសិទ្ធភាពខ្ពស់។
២. ការរៀបចំ ការបង្កើត និងការកែសម្រួលរចនាសម្ព័ន្ធ
ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន រួមទាំងការបង្កើតនិងការកែសម្រួល រចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ត្រូវអនុវត្តដោយផ្អែកលើលក្ខខណ្ឌនៃការពិនិត្យឡើងវិញជារួមនូវ មុខងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងរចនាសម្ព័ន្ធដែលមានស្រាប់ រួមទាំងរចនាសម្ព័ន្ធចំណុះក្រសួង រដ្ឋលេខាធិការដ្ឋាន និងរចនាសម្ព័ន្ធរបស់ស្ថាប័ន ក្រុមប្រឹក្សា អាជ្ញាធរគណៈកម្មាធិការ គណៈកម្មការ និងយន្តការនានា ដែលក្រសួងនិងរដ្ឋលេខាធិការដ្ឋានត្រូវទទួលបន្ទុក
ការបង្កើតនិងការកែសម្រួលក្រុមប្រឹក្សា អាជ្ញាធរ គណៈកម្មាធិការ គណៈកម្មការ ឬអង្គភាពថ្មី ដើម្បីបំពេញបេសកកម្មនិងមុខងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួង ស្ថាប័ន ក្រសួង ស្ថាប័ននោះ ត្រូវប្រើប្រាស់រចនាសម្ព័ន្ធគ្រប់គ្រងដែលមានស្រាប់របស់ក្រសួង ស្ថាប័ន ធ្វើជាលេខាធិការដ្ឋាន ដោយ មិនត្រូវបង្កើតឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងអចិន្ត្រៃយ៍ថ្មីឡើយ លើកលែងស្ថាប័ន ក្រុមប្រឹក្សា អាជ្ញាធរ គណៈកម្មាធិការ និងយន្តការនានាដែលត្រូវបង្កើតអនុលោមបទប្បញ្ញត្តិដែលមាន កំណត់ក្នុងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីក្នុងករណីចាំបាច់ ក្រសួង ស្ថាប័នត្រូវធ្វើការពិនិត្យឡើងវិញនិងកែសម្រួលលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធ ដើម្បីធានាឱ្យការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន មានដំណើរការប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ឆ្លើយតបនឹងខ្លឹមសារនៃសារាចរនេះ។
៣. បែបបទនិងនីតិវិធីនៃការពិគ្រោះយោបល់
ក្រសួង ស្ថាប័នត្រូវលើកសំណើនៃការរៀបចំនិងការកែសម្រួលរចនាសម្ព័ន្ធរបស់ខ្លួនមកក្រសួង មុខងារសាធារណៈដើម្បីពិគ្រោះយោបល់អនុលោមបទប្បញ្ញត្តិដែលមានកំណត់ក្នុងអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែង ក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន បន្ទាប់ពីបានឆ្លងការពិគ្រោះយោបល់ខាងលើរួច សំណើរបស់ក្រសួង ស្ថាប័នត្រូវដាក់ឆ្លងកិច្ចប្រជុំនានា ដែលរៀបចំដោយទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីទទួលបានការពិនិត្យនិងផ្តល់យោបល់ពីគ្រប់ក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធ អនុលោមតាមបែបបទនិងនីតិវិធីជាធរមាន
ទីស្តីការគណៈរដ្ឋមន្ត្រី លើកសំណើដែលបានដាក់ឆ្លងកិច្ចប្រជុំពិគ្រោះយោបល់រួចរាល់ ជូននាយករដ្ឋមន្ត្រី ពិនិត្យនិងសម្រេច។
ទទួលបានសារាចរនេះ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ គ្រប់ក្រសួង ស្ថាប័ន ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពនិងដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕
ដោយ ៖ សិលា