ភ្នំពេញ ៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សូមជម្រាបជូនដំណឹងដល់សាធារណជន និងវិនិយោគិនទាំងអស់ របស់ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ីអាយស៊ី ផាតនើរ) មេត្តាជ្រាបថា៖ ក្នុងគោលដៅ ពង្រឹងប្រព័ន្ធគ្រប់គ្រងក្រុមហ៊ុន និងការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់ ន.ម.ក. បានចាត់វិធានការ ជាបន្តបន្ទាប់តម្រូវឱ្យក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ ធ្វើការកែទម្រង់រចនាសម្ព័ន្ធម្ចាស់ភាគហ៊ុន អភិបាលកិច្ចសាជីវកម្ម ក្រុមហ៊ុន និងគណៈគ្រប់គ្រងក្រុមហ៊ុន និងរៀបចំឯកសារផ្សេងៗនៅក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធអនុលោម តាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
តាមរយៈគណៈកម្មការស្តារក្រុមហ៊ុននិងមូលនិធិនៃក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ ក្រុមហ៊ុនបានទទួល ការកាត់កងទ្រព្យពីកូនបំណុលនិងបុគ្គលធានា ដែលរួមមានអចលនវត្ថុ និងភាគហ៊ុននៅក្នុងក្រុមហ៊ុន។ ក្នុងគោល- បំណងធានាឱ្យបាននូវភាពពិតប្រាកដ ច្បាស់លាស់លើទ្រព្យសកម្មទាំងអស់ដែលប្រមូលបានមកនោះ ន.ម.ក. បានតម្រូវឱ្យរៀបចំផ្ទេរទ្រព្យទាំងនោះមកជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ និងបានចាត់តាំងក្រុមហ៊ុន អេស៊ា ផេស៊ីហ្វិក ប្រផឺធី អីព្រេហ្សល ឯ.ក ដែលមានអាជ្ញាបណ្ណវាយតម្លៃពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ធ្វើ ជាក្រុមហ៊ុនវាយតម្លៃឯករាជ្យ ដើម្បីចុះទៅពិនិត្យផ្ទៀងផ្ទាត់ជាក់ស្តែង និងវាយតម្លៃទ្រព្យសកម្មដែលជាអចលនវត្ថុ ទទួលបានរបស់ក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ ស្របតាមលក្ខណៈបច្ចេកទេស និងវិជ្ជាជីវៈ។ ជាក់ស្តែង ទ្រព្យដែល គណៈកម្មការស្តារក្រុមហ៊ុននិងមូលនិធិប្រមូលកាត់កងបាន គឺមានពិតប្រាកដ ហើយទ្រព្យដែលប្រមូលបានជា អចលនវត្ថុ គឺត្រូវបានធ្វើការវាយតម្លៃតាមវេលាកាល ៣ ផ្សេងគ្នា ដើម្បីដឹងអំពីស្ថានភាពបម្រែបម្រួលតម្លៃនៃទ្រព្យ នៅមុន បច្ចុប្បន្ន និងអនាគតខាងមុខ ធានាបាននូវភាពប្រក្សត្យនៃតម្លៃទ្រព្យ ដូចមានរបាយការណ៍វាយតម្លៃ អចលនវត្ថុភ្ជាប់មកជាមួយ (សូមស្កែន QR Code ខាងក្រោម ដើម្បីទទួលបានរបាយការណ៍វាយតម្លៃ)។
ន.ម.ក. បានបង្គាប់ទៅក្រុមហ៊ុនឱ្យប្រមូលទ្រព្យពីកូនបំណុលពាក់ព័ន្ធផ្សេងទៀតរបស់ក្រុមហ៊ុន ព្រមទាំង តម្រូវឱ្យធ្វើការរៀបចំវេចខ្ចប់ បែងចែក និងបង្កើតសិទ្ធិរបស់វិនិយោគិន/អ្នកផ្តល់កម្ចី លើទ្រព្យសកម្មទាំងនេះតាម កញ្ចប់មូលនិធិនីមួយៗដើម្បីការពារឱ្យបានជាអតិបរិមានូវផលប្រយោជន៍របស់វិនិយោគិននិងអ្នកពាក់ព័ន្ធស្របច្បាប់ ទាំងអស់មុននឹងស្នើសុំការទទួលស្គាល់ពី ន.ម.ក. ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
ករណីវិនិយោគិនណាមានចម្ងល់ពាក់ព័ន្ធនឹងករណីខាងលើ អាចទំនាក់ទំនងមកកាន់ ន.ម.ក. ដោយផ្ទាល់ នៅទីស្តីការនិយ័តករមូលបត្រកម្ពុជាដែលស្ថិតនៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ឬតាមទូរសព្ទលេខ ០២៣ ៨៨៥ ៦១១ ឬតេលេក្រាមលេខ ០៦៨ ៧៧៧ ៣៨៧។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងវិនិយោគិនទាំងអស់ មេត្តាជ្រាប ៕
ដោយ ៖ សិលា