ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០៥ នាក់ ខាងលើ ពីបទ ហិង្សាដោយចេតនា (វាយគ្នាទៅវិញទៅមក) ប្រព្រឹត្តនៅចំណុចលើសួនច្បារវត្តបទុមវត្តី ផ្លូវសុធារស ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោស តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ។
សូមរំលឹកថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ក្រុមក្មេងទំនើងបានធ្វើសកម្មភាពវាយគ្នាទៅវិញទៅមក នៅចំណុច លើសួនច្បារវត្តបទុមវត្តី ផ្លូវសុធារស ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៣ និង ៣០ នាទីរំលងអាធ្រាត ស្របពេលកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញកំពុងជិះល្បាត ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥ នាក់ ១.ឈ្មោះ ឈរ ទេពសិរិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ២.ឈ្មោះ សំ ស៊ីញ ហៅ សំ ស៊ីង ភេទប្រុស អាយុ១៦ឆ្នាំ ៣.ឈ្មោះ ហ៊ន មេសា ហៅ ហន មេសា ភេទប្រុស អាយុ១៦ឆ្នាំ ៤.ឈ្មោះ ភី សៀវទីភេទប្រុស អាយុ១៦ឆ្នាំ និង៥.ឈ្មោះ ផាត លីហ៊ាង ហៅ ផាត លីហៀង ភេទប្រុស អាយុ១៦ឆ្នាំ។
បច្ចុប្បន្នក្រុមជនត្រូវចោទ ត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តអាចនឹងឃុំខ្លួននៅពន្ធនារគារជាបណ្ដោះអាសន្ន៕
ដោយ រ៉ារ៉ា