ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសាធារណការ ចេញ សារាចរណែនាំ ស្តីពីវិធានការការពង្រឹងសុវត្ថិភាពនាវា-ទូកចម្លងដឹកអ្នកដំណើរ

ចែករំលែក៖

ភ្នំពេញ ៖ អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកនៃព្រះរាជាណាចក្រកម្ពុជា និង ឆ្លើយតបនឹងស្ថានភាពដែលអាចកើតមានជាយថាហេតុនូវគ្រោះថ្នាក់ក្នុងការធ្វើដំណើរតាមនាវា ឬទូក ជាពិសេស នៅក្នុងរដូវវស្សាដែលស្ថានភាពអាកាសធាតុមានការប្រែប្រួល និងតែងតែកើតមានជាញឹកញាប់នូវព្យុះ ភ្លៀង ខ្យល់កន្ត្រាក់ និងចរន្តទឹកហូរខ្លាំង ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការណែនាំដល់ម្ចាស់អាជីវកម្ម កំពង់ចម្លងទាំងអស់ និងម្ចាស់នាវា-ទូកដឹកជញ្ជូនគ្រប់ប្រភេទ អំពីការពង្រឹងវិធានការសុវត្ថិភាព និងការរក្សា សុវត្ថិភាពនាវា-ទូកចម្លង ដូចតទៅ៖

១- គ្រប់អាជីវកម្មកំពង់ចម្លងទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់នាវា-ទូកចម្លងកែច្នៃ ខុសបច្ចេកទេសយកមកប្រើប្រាស់ជានាវា-ទូកចម្លង ។

២- ត្រូវធានាថា នាវា-ទូកចម្លង បានទទួលការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជាប្រចាំទៅតាមការកំណត់ ក្នុងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងប្រកាសស្តីពីនីតិវិធីនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេស នាវាឆ្នេរសមុទ្រ និងនាវាផ្លូវទឹកក្នុងប្រទេស ដើម្បីធានាថានាវា-ទូកខ្លួនបានគោរពតាមវិធានបច្ចេកទេស សមស្របសម្រាប់ការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាព ជាពិសេសត្រូវយកចិត្តទុកដាក់លើចំណុច ចាំបាច់ដូចជា សំបកទូក គ្រឿងម៉ាស៊ីន ប្រព័ន្ធចង្កូត ដំបូលទូក ប្រព័ន្ធភ្លើង សញ្ញាសំឡេង ឧបករណ៍ សុវត្ថិភាពនៅលើទូក ឧបករណ៍សង្គ្រោះបឋម និងសញ្ញាប្រកាសអាសន្នជាដើម។

៣- ត្រូវរៀបចំកន្លែងអង្គុយ ឬឈរឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់សម្រាប់អ្នកដំណើរគ្រប់រូបដែលស្ថិត នៅលើនាវា-ទូក។

៤- ត្រូវណែនាំឱ្យអ្នកដំណើរអង្គុយ ឬឈរតាមកន្លែងសមស្របដែលអាចរក្សាលំនឹងរបស់នាវា-ទូក។ ៥- ត្រូវពិនិត្យលើចំនួនអ្នកដំណើរ និងវត្ថុផ្សេងទៀតដែលដឹកតាមនាវា-ទូក ដើម្បីធានាថាទម្ងន់ផ្ទុកមិន ត្រូវលើសសមត្ថភាពរបស់នាវា-ទូកជាដាច់ខាត។

៦- ត្រូវបំពាក់ឧបករណ៍ សម្ភារៈបរិក្ខារសុវត្ថិភាពចាំបាច់ផ្សេងទៀតនៅលើនាវា-ទូក ឱ្យបានគ្រប់គ្រាន់ ដូចជា ពោងសុវត្ថិភាព ភ្លើងបំភ្លឺ និងអាវពោងជាដើម។

៧- ត្រូវរៀបចំចំណតសម្រាប់នាវា-ទូកចម្លងចេញចូល និងសម្រាប់អ្នកដំណើរឡើងនិងចុះចេញប្រកប ដោយសុវត្ថិភាព។

៨- ត្រូវដាក់ស្លាកណែនាំសុវត្ថិភាពដល់អ្នកដំណើរឱ្យបានយល់ដឹង និងត្រូវណែនាំអំពីសុវត្ថិភាពចម្បង របស់ខ្លួននៅលើនាវា-ទូក ជាពិសេសត្រូវឱ្យអ្នកដំណើរពាក់អាវពោងឱ្យបានគ្រប់គ្នាមុនពេលចេញដំណើរ។

៩- ត្រូវគ្រប់គ្រងអ្នកដំណើរឱ្យបានត្រឹមត្រូវ និងរក្សាសណ្តាប់ធ្នាប់របៀបរៀបរយក្នុងពេលធ្វើដំណើរ។ ១០- ត្រូវធានាថា នាវា-ទូកចម្លង មានក្រុមនាវិកគ្រប់គ្រាន់ដូចជា បរិបាលនាវា យន្តការរីនាវា ឬនាវិកផ្សេងទៀត ដែលមានសមត្ថភាពពេញលេញក្នុងការធ្វើប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើរ។

១១- អ្នកបើកបរនាវា-ទូកត្រូវយកចិត្តទុកដាក់ខ្ពស់លើស្ថានភាពផ្លូវទឹករំហូរទឹក និងព័ត៌មានស្តីពីអាកាសធាតុ ហើយក្នុងករណី អាកាសធាតុមិនអំណោយផលដូចជា មានភ្លៀងខ្លាំង ទឹកហូរខ្លាំង ឬខ្យល់កន្ត្រាក់ ខ្លាំងដែលអាចបង្កគ្រោះថ្នាក់ ត្រូវផ្អាកការធ្វើដំណើរសិន និងត្រូវរកទីសំចតសុវត្ថិភាពភ្លាម និងត្រូវ រង់ចាំដល់ពេលអាកាសធាតុមានភាពប្រសើរឡើងវិញទើបអាចបន្តដំណើរបាន។

ទន្ទឹមនឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏សូមស្នើដល់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់តាមដាន និងណែនាំដល់ម្ចាស់អាជីវកម្មកំពង់ចម្លង និង នាវា-ទូកលក្ខណៈគ្រួសារ ដែលកំពុងធ្វើអាជីវកម្មនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួនឱ្យប្រកាន់ខ្ជាប់វិធានសុវត្ថិភាព នៅពេលធ្វើប្រតិបត្តិការចម្លង ឬដឹកជញ្ជូនផ្សេងៗ។

ទទួលបានសារាចរណែនាំនេះ សូម អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត ម្ចាស់អាជីវកម្មកំពង់ចម្លង និងអ្នកបើកនាវា-ទូក ត្រូវចូលរួមអនុវត្តតាមខ្លឹមសារដែលបានណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ ៖ សិលា

 


ចែករំលែក៖