ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សមិទ្ធផលធំសម្រាប់ប្រទេសជាតិ គឺផ្តើមចេញពីមនុស្សម្នាក់ៗ សម្រេចជោគជ័យក្នុងការសិក្សានិងការងារ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ៖ សិស្សនិស្សិតដែលបញ្ចប់ការសិក្សានៅថ្ងៃនេះ នឹងក្លាយទៅជាតួអង្គធនធានមនុស្សដែលអាចយកទៅបម្រើការងារបានក្នុងការជំរុញសេដ្ឋកិច្ច អាចជាអ្នកដឹកនាំ ឬអាចជួយធ្វើការជំរុញសកម្មភាពការងារនៅតាមបណ្តាអង្គភាព ស្ថាប័នទាំងវិស័យរដ្ឋ និងវិស័យឯកជន ឬនៅតាមអង្គការនានា ព្រមទាំងការធ្វើស្វ័យនិយោជន៍ខ្លួនឯងផងដែរ។

សម្តេចធិបតី បានថ្លែងបន្តថា ៖ ការសម្រេចបានសិក្សា និងការងារគឺជាសមិទ្ធផលដ៏ធំបំផុតសម្រាប់ប្រទេសជាតិ ដែលបានផលកើតឡើងចេញពីប្រជាជនដោយផ្តើមចេញពីម្នាក់ៗ និងទាំងអស់គ្នា។ ទន្ទឹមនឹងសម្រេចបានការសិក្សាជោគជ័យ គឺអបអរសាទរ និងអបអរសាទរដល់ប្រទេសជាតិ ដែលទទួលបានធនធានមនុស្សដែលគុណវុឌ្ឍិបន្ថែមទៀតផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីចែកសញ្ញាបត្រសាកលវិទ្យាល័យលីមកុកវីង ក្នុងរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ អបអរសាទរចំពោះនិស្សិត និងក្រុមគ្រួសារនិស្សិតទាំងអស់ ដែលបានបញ្ចប់ការសិក្សានាពេលនេះ ដោយការបញ្ចប់នៃការសិក្សានេះ គឺជាផ្នែកមួយដែលបានកើតចេញពីប្រទេសមានសុខសន្តិភាពផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងជាថ្មីម្តងទៀតថា ធនធានមនុស្សគឺជាកត្តាសំ ខាន់បំផុត ដែលនឹងនាំឲ្យមានការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ ការអភិវឌ្ឍរីកចម្រើន បើគ្មានធនធានមនុស្ស គឺមិនអាចមានចីរភាព និងនិរន្តរភាពឡើយ។ កុំព្យូទ័រទំនើបយ៉ាងណា បើគ្មានធនធានមនុស្សជាអ្នកអភិវឌ្ឍន៍កុំព្យូទ័រនោះក៏មិនអាចវិវឌ្ឍន៍ទំនើបបានដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖