ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ លីមកុកវីង និងសូមអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ លីមកុកវីង និងសូមអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។ 

និស្សិតជ័យលាភី ដែលសម្រេចបានជោគជ័យក្នុងឆ្នាំសិក្សា២០២១-២០២២ និង ឆ្នាំសិក្សា២០២២- ២០២៣ សរុបចំនួន ៥៤០នាក់ ( នារី ២៧៣នាក់ ដោយចែកចេញជាបីកម្រិត រួមមាន ៖ ១/ ថ្នាក់បរិញ្ញាបត្ររង ចំនួន ៦០នាក់ ( នារី ៣៣នាក់ ), ២/ ថ្នាក់បរិញ្ញាបត្រ ចំនួន ៤៦១នាក់ ( នារី ២៣៥នាក់) និង ៣/ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៩នាក់ ( នារី ៥នាក់)។

សម្តេចធិបតីថ្លែងថា ៖ រដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការអប់រំ និង ការបណ្តុះបណ្តាលដើម្បីបង្កើនធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេស ដោយរាជរដ្ឋាភិបាលបានបន្តខិតខំកែទម្រង់វិស័យអប់រំគ្រប់កម្រិត រួមទាំងការដាក់ចេញគោលនយោបាយ និងវិធានគន្លឹះនានា ឱ្យអនុវត្តសម្រាប់បង្កើនគុណភាពអប់រំ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងតម្លាភាព ដើម្បីធានាឱ្យបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងភាពធន់ ក្នុងគោលបំណងលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖