ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ថ្លែងរម្លឹកពីដំណើរឆ្ពោះទៅរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូសាសន៍ ប៉ុល ពត កាលពី៤៧ឆ្នាំមុន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងរម្លឹកពីព្រឹត្តិការណ៍កាលពី៤៧ឆ្នាំមុន (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤) នៃដំណើរឆ្ពោះទៅរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូសាសន៍ ប៉ុល ពត ដោយនាំមកនូវការរស់ឡើងវិញ និងការរីកចម្រើនរបស់ប្រទេសជាតិរហូតមកដល់សព្វថ្ងៃនេះ។

នៅក្នុងពិធីបិទវគ្គនិស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី១២ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានទ័ពជើងគោក ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា ថ្ងៃទី២០ ខែមិថុនា ខាងមុខ គឺជាខួបលើកទី៤៧ឆ្នាំ គ្រាដែលសម្តេចតេជោ ហ៊ុន សែន សម្រេចចិត្តដោយការឈឺចាប់ យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ឯកឧត្តម បន្តថា បន្ទាប់ពីជ័យជម្នះជាប្រវត្តិសាស្ត្រនៅថ្ងៃទី៧ មករា ១៩៧៩ សង្រ្គាមនៅតែបន្ត ក្នុងកាលៈទេសៈនោះ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ដើម្បីពន្លត់ភ្លើងសង្គ្រាមទាំងស្រុងចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ សង្គមកម្ពុជាបានស្គាល់ពន្លឺសន្តិភាពពេញផ្ទៃប្រទេស ក្នុងនោះកងទ័ពក៏មានការរីកចម្រើនបន្តបន្ទាប់ ស្មើមុខស្មើមាត់ដូចបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។ 

«សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍត្រូវបន្តរក្សានិងធានាបានយ៉ាងគត់មត់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញដំណើរយ៉ាងស្វាហាប់ប្រកបដោយថាមពលក្លៀវក្លា មានចក្ខុវិស័យវែងឆ្ងាយ ច្បាស់លាស់»។ នេះជាការបញ្ជាក់របស់ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន។

នៅចំពោះមុខនិស្សិតនាយទាហានទ័ពជើងគោកជាង ២០០នាក់ ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ដល់ការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ដើម្បីប្រែក្លាយជាកងកម្លាំងទំនើបរៀបរយ មានវិជ្ជាជីវៈ ឆ្លើយតបបានគ្រប់ស្ថានការណ៍ក្នុងបរិបទនៃការអភិវឌ្ឍបច្ចេកវិជ្ជាទំនើប និងស្ថានការណ៍ស្មុគស្មាញរបស់ពិភពលោកបច្ចុប្បន្ន។ 

ឯកឧត្តម បានលើកឡើងពីកិច្ចការមួយចំនួន ដែលសម្តេចធិបតីបានដាក់ចេញសម្រាប់ពង្រឹងវិស័យការពារជាតិ ក្នុងនោះរួមមាន៖ ទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធ ទំនើបកម្មលើគ្រឿងបំពាក់ និងទំនើបកម្មលើការងារហ្វឹកហ្វឺន ដើម្បីឱ្យស្របទៅនឹងសភាពការណ៍ពិភពលោក និងតំបន់ដែលកំពុងវិវឌ្ឍន៍ឥតឈប់ឈរ ទាំងយុទ្ធវិធី និងបច្ចេកវិទ្យា ហើយទាមទារឱ្យយោធពលខេមរភូមិន្ទត្រូវតែទំនើប គឺ«ទំនើបទាំងមនុស្ស និងសម្ភារ»។

ឯកឧត្តម បានផ្តាំផ្ញើដល់ស្ថាប័នហ្វឹកហ្វឺន និងជំនាញពាក់ព័ន្ធ ត្រូវសហការរៀបចំឯកសារបង្រៀន និងកម្មវិធីហ្វឹកហ្វឺនឱ្យទំនើបទាន់សម័យ មានលក្ខណៈយុទ្ធសាស្ត្រ ស្របតាមបច្ចេកវិទ្យាយោធាបច្ចុប្បន្ន ដើម្បីធានាគុណភាព សមត្ថភាព ទាំងចំណេះដឹង និងចំណេះធ្វើ ស្របជាមួយយុទ្ធោបករណ៍ សម្ភារ គ្រឿងបំពាក់ មធ្យោបាយថ្មីៗ ដែលបានបំពាក់។

ជាមួយនោះ ការងារហ្វឹកហ្វឺន ត្រូវដើរទន្ទឹមជាមួយការងារអប់រំចិត្តសាស្ត្រ ដើម្បីអប់រំណែនាំបានស៊ីជម្រៅដល់យោធិនគ្រប់រូប ឱ្យក្លាយជាកម្លាំងស្នូលដ៏រឹងមាំបំផុតរបស់ជាតិ មានឆន្ទៈមោះមុត គោរពវិន័យ ស្មោះស្ម័គ្រការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ការពាររាល់សមិទ្ធផលជាតិ និងការពារសន្តិភាពឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ៕

ដោយ ៖ សិលា


ចែករំលែក៖