ខេត្តកំពង់ឆ្នាំង៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងនគរបាលជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកំពង់ត្រឡាច សហការជាមួយផែនចរាចរណ៍ផ្លូវគោក ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សី ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មឥដ្ឋ ប៉ុស្តិ៍ និងប៉ុស្តនគរបាលរដ្ឋបាលពានី សរុបចំនួន១៧នាក់ ដឹកនាំដោយលោក សាយ ប៊ុនថេង អភិបាលរងស្រុកកំពង់ត្រឡាច រួមជាមួយ លោក ណៃ កាណុល នាយករងវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច កាលពីម្សិលមិញនេះ បានចុះប្រមូលសិស្សានុសិស្សគេចសាលាមិនចូលរៀននិងប្រមូលផ្តុំនៅតាមតូបកាហ្វេចំនួន ០២ទីតាំងស្ថិតនៅភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច សរុបចំនួន១២នាក់ ស្រីចំនួន០២នាក់។
បេីតាមការបញ្ជាក់ពីរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច បានបញ្ជាក់ថា វិធានការ បានអញ្ជើញឳពុកម្តាយនិងអាណាព្យាបាលមកធ្វើកិច្ចសន្យាអប់រំនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីអោយសិស្សានុសិស្សទាំងអស់នោះឈប់គេចសាលាហើយចូលរៀនវិញ។
ជាមួយគ្នានោះដែរ ក៏មានការអញ្ជើញចូលរួមសហការពីរសំណាក់លោកលោកគ្រូ-អ្នកគ្រូជានាយក នាយករងសាលាវិទ្យាល័យ និងអាណាព្យាបាលសិស្សជាច្រើនរូបទៀតផង៕
ដោយ៖ តារា