ភ្នំពេញ៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក ខូយ សត្យា ប្រធាននាយកដ្ឋានផ្នែកលក់នៃធនាគារវឌ្ឍនៈ ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាបន្ថែមទៀត ដើម្បីរិះរកដំណោះស្រាយផ្សេងៗ លើបញ្ហាប្រឈមមួយចំនួន។
ការសំណេះសំណាល និងពិភាក្សាការងារនេះដែរ ខាងភាគីអាជ្ញាធរខណ្ឌ មានការចូលរួមពីលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ, លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ, និងមន្ត្រីខណ្ឌ ហើយភាគីខាងធនាគារវឌ្ឍនៈ មានការចូលរួមពីកញ្ញា បូ វិបុល ប្រធានការិយាល័យផ្នែកលក់ និងលោក ព្រះ ហុកលី ប្រធានសាខាឫស្សីកែវ និងបានធ្វើឡើងនៅសាលប្រជុំទី៣ សាលាខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។
ជំនួបសំណេះសំណាល និងពិភាក្សាការងារ រវាងអាជ្ញាធរខណ្ឌឬស្សីកែវ និងនាយកដ្ឋានផ្នែកលក់នៃធនាគារវឌ្ឍនៈ ត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ដោយមានគោលបំណងសំខាន់ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត សំដៅដល់ការគាំទ្រ និងរិះរកវិធីសាស្ត្រផ្សេងៗរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមកំពុងជួបប្រទះ ដែលនឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា៕
ដោយ៖ អរុណរះ