ខេត្តស្វាយរៀង៖ លោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តស្វាយរៀង អាណត្តិទី៤នៅសាលប្រជុំសាលាខេត្តស្វាយរៀង ។
ពិធីនេះមានការអញ្ជេីញចូលរួមពីលោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងលោក លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការរង អគ្គនាយក អគ្គនាយករង លេខាធិការរង និងប្រធានអនុប្រធាននាយកដ្ឋាននៃក្រសួងមហាផ្ទៃ ព្រមទាំងប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត តំណាងកងកម្លាំងទាំង៣ លោកអភិបាលក្រុង-ស្រុកទាំង៨ លោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្តនិងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត សរុបប្រមាណ ២២០នាក់។
មានប្រសាសន៍ទៅកាន់ពិធីនេះ លោកស្រី ភឿង សកុណា បានបញ្ជាក់ថា ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋ ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង ក្នុងក្របខ័ណ្ឌដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ដូច្នេះក្រុមប្រឹក្សាទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ពិសេសគឺមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ ។
លោកស្រីបណ្ឌិតសភាចារ្យ បានថ្លែងនូវការអបអរសាទរចំពោះប្រធានក្រុមប្រឹក្សា សមាជិក សមាជិកាក្រុមប្រឹក្សាខេត្តទាំងអស់ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ ពោលគឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤នេះ ដើម្បីបន្តចូលរួមដឹកនាំខេត្តស្វាយរៀង ជាមួយគណៈអភិបាលខេត្ត ។
លោកស្រីបណ្ឌិតបន្ថែមទៀតថា មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយការអប់រំសុខុមាលភាពជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុខភាពល្អ ក្នុងការប្រកបរបរចិញ្ចឹមជីវិតឱ្យកាន់តែមានជីវភាពប្រសើរឡើងថែមទៀត។
ទន្ទឹមនេះជំរុញដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅខេត្តស្វាយរៀងត្រូវរឹតបន្តឹង និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្ដេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕
ដោយ៖ សុថាន