ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនតៃវ៉ាន់លោតសម្លាប់ខ្លួន នៅក្នុងបរិវេណកាស៊ីណូម៉ុកបាយ ក្រុងបាវិត មិនទាន់ដឹងពីមូលហេតុ

ចែករំលែក៖

ខេត្តស្វាយរៀង៖  មានការភ្ញាក់ផ្អើលដល់បុគ្គលិកនិងសន្តិសុខ ខណៈមានបុរសជនជាតិចិនតៃវ៉ាន់ម្នាក់បានលោតសម្លាប់ខ្លួននៅក្នុងបរិវេណកាស៊ីណូម៉ុកបាយ ក្នុងក្រុងបាវិតដោយមិនទាន់ដឹងពីមូលហេតុនៅឡើយ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៣:៣០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅបរិវេណកាស៊ីណូម៉ុកបាយ ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលខេត្តបានអោយដឹងថា បុរសខាងលើមានឈ្មោះ ZHANG JUN HONG  ជនជាតិចិនតៃវ៉ាន់ កើតថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៧៩ មុខរបរបុគ្គលិកក្រុមហ៊ុន មានស្រុកកំណើតនៅក្រុងតៃប៉ិ កោះតៃវ៉ាន់ ប្រទេសចិន បច្ចុប្បន្នស្នាក់នៅបន្ទប់លេខ១៥១៦ ជាន់ទី៥ តំបន់១ អគារ១ ក្នុងបរិវេណកាស៊ីណូម៉ុកបាយ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  ។

ប្រភពបន្តថា ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីរដ្ឋបាលក្រុមហ៊ុនកាស៊ីណូម៉ុកបាយ ថា: មានករណីជនជាតិចិនតៃវ៉ាន់ស្លាប់នៅក្នុងបរិវេណកាស៊ីណូ ម៉ុកបាយ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើរួចមក លោកឧត្តមសេនីយ៍ត្រីស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌបានដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត  និងលោកវេជ្ជបណ្ឌិត ទុំ បូរី សមាជិកគណ:កម្មការកោសល្យវិច័យ នៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ឈីវ អ៉ិចគង់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅស្រាវជ្រាវដល់កន្លែងកើតហេតុ។

លទ្ធផលនៃការពិនិត្យសាកសពនៅលើខ្លួនប្រាណផ្នែកក្បាល៖ ផុងលលាដ៍ក្បាលខាងក្រោយ ផ្នែកខាងស្ដាំទំហំ១ស.មX១,៥ស.ម,ហូរឈាមតាមត្រចៀក,បាក់ឆ្អឹងថ្គាមខាងឆ្វេង។

ផ្នែកដងខ្លួន៖ បាក់ឆ្អឹងដងកាំបិតខាងឆ្វេង,បាក់ឆ្អឹងជំនីរខាងមុខផ្នែកខាងស្ដាំចំនួន២,បាក់ឆ្អឹងជំនីរខាងស្ដាំផ្នែកខាងក្រោយ,ស្នាមកោសកកិតសើស្បែកទំហំ០,៥ស.មX២ស.ម។

ផ្អែកតាមចម្លើយរបស់ឈ្មោះតឹង អ៉ីសូ ភេទប្រុស ជនជាតិចិន ដែលជាអ្នកស្នាក់នៅបន្ទប់ជាមួយជនរងគ្រោះបានឆ្លើយបំភ្លឺជូនសមត្ថកិច្ចថា: បច្ចុប្បន្នខ្លួនស្នាក់នៅបន្ទប់លេខ១៥១៦ ជាន់ទី ៥ អគារ០១ តំបន់១ ដោយធ្វើការជាបុគ្គលិកផ្នែកអនឡាញ ។ លុះដល់វេលាម៉ោងប្រហែល២រំលងអធ្រាត្រឈានចូលថ្ងៃទី ១២  ខែមិថុនា ឆ្នាំ ២០២៤ ខណៈពេលដែលខ្លួនទាំង៧នាក់ចេញពីធ្វើការត្រឡប់មកបន្ទប់ដេកវិញ ពេលនោះខ្លួននិងអ្នករួមបន្ទប់ជាមួយគ្នានាំគ្នាដេក នៅតែឈ្មោះ ZHANG JUN HONG ភេទប្រុស មិនទាន់ដេក។ ឃើញបែបនោះអ្នករួមបន្ទប់បានសួរគាត់ថា ថ្មើរនេះហើយម៉េចមិនទាន់ចូលដេកទៀត? ប៉ុន្តែគាត់មិនតបវិញទេ ប្រហែល២ទៅ៣នាទី ក្រោយមកឈ្មោះ ZHANG JUN HONG បានដើរទៅវ៉េរ៉ង់ដាខាងក្រោយបន្ទប់ស្នាក់នៅឡើងលើបង្កាន់ដៃវ៉េរ៉ង់ដាលោតសម្លាប់ខ្លួនតែម្ដង។

ការសន្និដ្ឋាន៖ ផ្អែកតាមការពិនិត្យកន្លែងកើតហេតុ និងសាកសព ការឆែកវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព ការស្ដាប់ចម្លើយសាក្សីបំភ្លឺ និងលោកគ្រូពេទ្យជំនាញយើងអាចសន្និដ្ឋានបានថាជនរងគ្រោះស្លាប់ដោយសារការប៉ះទង្គិចផ្នែកក្បាលនិងដងខ្លួនធ្ងន់ធ្ងរ (លោតពីលើទីខ្ពស់)ចំពោះមូលហេតុ សមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវ។

បច្ចុប្បន្នដោយមានការអនុញ្ញាតពីលោកស្នងការនគរបាលខេត្ត និងមានការឯកភាពពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត សាកសពបានបញ្ជូនតាមរថយន្ដយកទៅប្រគល់ជូនកម្លាំងជំនាញការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្ត្រ រក្សាទុកនៅសាលរក្សាសពវត្តស្ទឹងមានជ័យ៕

ដោយ៖ សុថាន


ចែករំលែក៖