ព័ត៌មានទាន់ហេតុការណ៍៖

ស្រុកវាលវែង ជាប់ឈ្មោះជាស្រុកទេសចរណ៍ដ៏ល្បី និងកំពុងមានភាពទាក់ទាញយ៉ាងខ្លាំង នាបច្ចុប្បន្ន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បន្ទាប់ពីលេចចេញនូវសមិទ្ធផលផ្លូវជាតិលេខ៥៥នោះរួចមក ទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់ បាននឹងកំពុងអភិវឌ្ឍខ្លួនទៅមុខជាតំបន់ទេសចរណ៍ធម្មជាតិលំដាប់ ពិសេសលើវិស័យទេសចរណ៍ ក្នុងនោះមានរមណីយដ្ឋាន តំបន់ទេសចរណ៍ ព្រៃភ្នំ ទឹកធ្លាក់ និងតំបន់គយគន់ទេសភាពជាច្រើនទៀត ជាពិសេសមានព្រំដែនជាប់នឹងខេត្តត្រាតប្រទេសថៃ ដែលទីតាំងទាំងនោះ សុទ្ធសឹងតែជាទីគាប់ប្រាថ្នា របស់បណ្ដាភ្ញៀវទេសចរជិតឆ្ងាយ។

ប្រសិនបើភ្ញៀវទេសចរ ឬអ្នកដំណើរធ្វើដំណើរចេញពីខេត្តពោធិ៍សាត់ តាមបណ្ដោយផ្លូវជាតិលេខ៥៥ គេនឹងបានទៅដល់រង្វង់មូលប្រម៉ោយ ដែលជាទីរួមស្រុកវាលវែងនេះតែម្ដង។ ជម្រើសទីមួយ ប្រសិនបើយើងធ្វើដំណើរបត់ស្ដាំទៅឃុំក្រពើពីរ ទីនោះក៏មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនដែរ។ ប្រសិនបើយើងធ្វើដំណើរបត់ឆ្វេងទៅឃុំអូរសោម ទីនោះក៏មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន បូករួមទាំងសត្វក្រពើរភ្នំនោះផងដែរ។ ហើយប្រសិនបើភ្ញៀវទេសចរធ្វើដំណើរទៅត្រង់ នោះគេនឹងបាន ប្រទះនឹងរមណីយភាពជាច្រើនសម្បូរបែប។

ចេញពីរង្វង់មូលប្រមោយប្រមាណ ៣០គីឡូម៉ែត្ររួចមក ភ្ញៀវទេសចរនឹងបានឆ្លងកាត់ផ្លូវបត់បែនលូនឡើងលើភ្នំរាងដូចអន្ទង់អាំង «ផ្លូវបុប្ផាលាក់ខ្លួន» ដែលផ្ដល់នូវទស្សនីយភាពប្លែកអស្ចារ្យ ប្រសិនបើគេមើលពីផ្នែកលើ។ ដោយសារតែត្រូវឆ្លងកាត់តំបន់ភ្នំ១៥០០ ទើបក្រុមវិស្វកម្មខិតខំស្ថាបនាផ្លូវបត់បែនឡើង ដើម្បីទម្លុះឱ្យដល់ឃុំថ្មដា ដែលជាតំបន់ដែលមានសក្តានុពលខ្ពស់។

នៅចន្លោះតំបន់ភ្នំ១៥០០ និងតំបន់ថ្មដា ភ្ញៀវទេសចរអាចសំចតនៅទីតាំងសុវត្ថិភាពណាមួយ ដែលមានទេសភាពព្រៃភ្នំ វាលស្មៅលើខ្នងភ្នំ ទឹកអូរហូរតាមជ្រលងភ្នំ ដ៏ស្រស់ត្រកាល ទស្សនាកាន់តែយូរកាន់តែជក់ចិត្ត។

បន្តដំណើរទៅមុខបន្តិច ភ្ញៀវទេសចរនឹងបានទៅដល់រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច ដែលមានទឹកធ្លាក់ដ៏ស្រស់ស្អាត មានកន្លែងមុជទឹកលេងកម្សាន្ត មានម្ហូបអាហារសហគមន៍ឈ្ងុយឆ្ងាញ់ ព្រមទាំងនៅជិតនឹងមាត់ផ្លូវធ្វើដំណើរ មិនពិបាកចំណាយពេលច្រើនក្នុងការទៅដល់។

ចេញពីទឹកធ្លាក់ថ្មដាតូច ភ្ញៀវទេសចរនឹងបានទៅដល់ស្ទឹងមេទឹក ដែលជាទីគយគន់ទេសភាពមួយបែបផ្សេងទៀត នៅតាមមាត់ស្ទឹង និងក្បែរៗតំបន់នេះ គឺមានរមណីយដ្ឋានទេសចរណ៍ ពិសេសៗជាច្រើនទៀត រីស៊ត ដែលមានកន្លែងសម្រាក បោះតង់ មានទឹកអូរហូររ៉ឹមៗ មានសេវាកម្មម្ហូបអាហារ និងទីទស្សនាទេសភាពជាច្រើនទៀត ពោលគឺ ៣៦០ដឺក្រេតែម្ដង។

ការជិះកាណូត ឬទូកទស្សនាកម្សាន្តនៅតាមដងស្ទឹងមេទឹក ក៏ជាចំណុចគួរឱ្យចាប់អារម្មណ៍ផងដែរ ពីព្រោះសម្រស់ធនធានធម្មជាតិនៅអមសងខាងស្ទឹង សុទ្ធតែអាចផ្ដល់នូវអារម្មណ៍ស្រស់ស្រាយ ដល់មិត្តអ្នកទេសចរគ្រប់ៗគ្នា។

ចេញពីតំបន់ស្ទឹងមេទឹកនេះហើយ ភ្ញៀវទេសចរយើងប្រាកដជាឆ្ពោះទៅច្រកថ្មដា ដែលជាច្រកព្រំដែនរវាងកម្ពុជា-ថៃ ពោលគឺរវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត។ នៅទីនោះភ្ញៀវទេសចរក៏អាចឆ្លងកាត់ទៅលេខខេត្តត្រាតបានដែរ ដែលមានផ្សារលក់ដូរម្ហូបអាហារ ផ្លែឈើ នំចំណីជាប់មាត់សមុត្រ និងមានរបស់របរមួយចំនួនទៀត។ ការបើកឱ្យចូលទៅទស្សនានៅខេត្តត្រាតនេះ គឺមានការបើកជាចន្លោះថ្ងៃ មានន័យថា បើកមួយថ្ងៃ ខានមួយថ្ងៃ លើកមុនតែដោយសារតែការរីករាលដាលជំងឺកូវីដ១៩ ទាំងភាគីកម្ពុជា និងភាគីថៃ បានផ្អាកការចេញចូលសម្រាប់ភ្ញៀវទេសចរណ៍មួយរយះសិន ជាមួយសណ្ឋាគារផងដែរ។ 

មួយវិញទៀត ការមកទស្សនាតំបន់ទេសចរណ៍នៅក្នុងស្រុកវាលវែងនេះ ភ្ញៀវទេសចរ ក៏អាចទិញម្ហូប ជាគ្រឿងសមុទ្រយកមកទទួលទានបាន ឬអាចកម្មង់ទិញយកទៅធ្វើម្ហូបទទួលទាន នៅគេហដ្ឋានវិញក៏បាន។

អាកាសធាតុនៅក្នុងតំបន់នេះ គឺមានសភាពត្រជាក់ស្រួល នៅពេលសម្រាកនាពេលយប់ ញ៉ាំងឱ្យការទស្សនា និងសម្រាកលម្ហែនៅតាមតំបន់ទេសចរណ៍ នៃស្រុកវាលវែង កាន់តែទទួលបាននូវភាពមនោរម្យគួរជាទីសុខដុម។ នេះមិនទាន់និយាយអំពីតំបន់ទេសចរណ៍ផ្សេងៗទៀត ដែលកំពុងត្រៀមចាំស្វាគមន៍ភ្ញៀវទេសចរនោះនៅឡើយ។ នៅតាមផ្លូវដំណើរ ជីវភាពប្រជាជនមានការរស់នៅសម្បូរសប្បាយ ខណៈការរស់នៅរបស់ពួកគាត់ គឺផ្សារភ្ជាប់ជាមួយធម្មជាតិ ដើមឈើ ចម្ការដំណាំ នៅក្បែរៗនឹងផ្ទះរបស់ប្រជាជន។

បច្ចុប្បន្នរាជរដ្ឋាភិបាល ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ គមនាគមន៍ បានយ៉ាងស្អាតក្នុងធ្វើដំណើរ ពីស្រុកវាលវែង ទៅភ្នំ ១៥០០ ផ្លូវអន្ទង់អាំង ច្រកព្រំដែនថ្មដា ទៅស្រុកសំឡូត ខេត្តបាត់ដំបង ទៅអូរសោម ទៅខេត្តកោះកុង គឺងាយស្រួលបំផុត ៕

ដោយ ៖ សិលា


ចែករំលែក៖