ខេត្តត្បូងឃ្មុំ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងវេលាទាបភ្លឺ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នៅលើផ្លូវជាតិលេខ៧១Cត្រង់ចំណុចអណ្ដូងខួច ស្ថិតនៅភូមិព្រះអង្គ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបណ្ដាលឲ្យមនុស្ស៧នាក់ស្លាប់។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើត ឡើងដោយរថយន្តធុនធំចំនួន២គ្រឿងបើកបរបញ្ច្រាសទិសគ្នា និងបានបុកគ្នាពេញទំហឹងបណ្តាលឱ្យមានជនរងគ្រោះចំនួន៧នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ សមត្ថកិច្ចបន្តថា មុនពេលកើតហេតុមានរថយន្តដឹកជ័រកៅស៊ូ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស បើកបរដោយយុវជនម្នាក់ឈ្មោះ ឈាង ហ៊ាង អាយុ១៨ ឆ្នាំ ជិះគ្នាចំនួន២នាក់ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ស្រាប់តែមកដល់កន្លែងកើតហេតុបានបុកគ្នាពេញទំហឹងជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ ទឹកប្រាក់១គ្រឿងទៀតបើកបរដោយជនរងគ្រោះមិនស្គាល់អត្តសញ្ញាណមានគ្នាចំនួន៦នាក់ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចគ្នា បណ្តាលឱ្យមានមនុស្សចំនួន៥នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងរងរបូសធ្ងន់ចំនួន៣នាក់ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យមានជនរងគ្រោះចំនួន២នាក់ទៀតបានស្លាប់ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានស្ទូចយករថយន្តទាំង២ គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីចាត់ការទៅតាមនីតិវិធី ។
ចំណែកសាក សពទាំង៧នាក់បានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕
ដោយ៖ សូរិយា