ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការ សម្រេចចោទប្រកាន់ ក្រុមឧក្រិដ្ឋជន ០២នាក់ ជាផ្លូវការ ព័ន្ធបទល្មើសសម្អាតប្រាក់

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់តំណាងអយ្យការបាន បើកការស៊ើបសួរ ពីបទឆបោកដោយមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង និងបទសម្អាតប្រាក់។

សូមរំលឹកថា កម្លាំងជំនាញប្រឆាំងការសម្អាតប្រាក់ និងនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជូនខ្លួនឧក្រិដ្ឋជន ០២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសសម្អាតប្រាក់ ដែលមានបណ្តាញនៅប្រទេសមីយ៉ាន់ម៉ា ហុងកុង ថៃ សហរដ្ឋអាមេរិក ខណៈ ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងជ្រកកោន សសម្រាប់សម្អាតប្រាក់របស់ពួកគេ។

កម្លាំងជំនាញប្រឆាំងការសម្អាតប្រាក់ និងនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានចុះស្រាវជ្រាវ រហូត ឈាន ដល់ ការ បង្រ្កាប និងឃាត់ខ្លួន ក្រុមឧក្រិដ្ឋជនចំនួន ០២នាក់ ទី១,ឈ្មោះ សុខ ហេង ហៅ MA ZHONGJUN និងទី២,ឈ្មោះ សុក សុម៉ាលី កាលពីវេលាម៉ោង ០១និង៣៥នាទីរសៀល ចំណុចផ្សារទំនើបសូរិយា ខណ្ឌដូនពេញ ពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់។ តាមរយៈព័ត៌មាន ភស្តុតាង និងតម្រុយជាច្រើនដែលទទួលបានពីការស្រាវជ្រាវ អាចបញ្ជាក់បានថា ជនទាំងពីររូបនេះ ជាក្រុមឧក្រិដ្ឋជន ដែលមានអង្គការចាត់តាំងនៅតាមបណ្តាប្រទេសមួយចំនួន ក្នុងតំបន់បានធ្វើសកម្មភាពផ្ទេរហិរញ្ញវត្ថុដោយ លាក់បាំងប្រភព ដើម្បីបន្តផ្ទេរហិរញ្ញវត្ថុទាំងនោះទៅសហរដ្ឋអាមេរិក ដោយជ្រកក្រោមអាជីវកម្មប្តូរប្រាក់ដែលគ្មានអាជ្ញាប័ណ្ណ។ ប្រតិបត្តិការប្តូរប្រាក់របស់ពួកគេត្រូវបានបញ្ជូនពីក្រុមឧក្រិដ្ឋជននៅប្រទេសមីយ៉ាន់ម៉ា ជាប្រភេទរូបិយប័ណ្ណឌីជីថល (USDT)។

មន្ត្រី ជំនាញប្រឆាំងការសម្អាតប្រាក់ និងនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់ និងភស្តុតាងដែលអាចជឿជាក់បាន សមត្ថកិច្ចវាយតម្លៃបានថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពដោយមានឈ្មោះ MA ZHONGWEI ត្រូវជាបងប្រុសរបស់ជនសង្ស័យ សុខ ហេង គឺជាអ្នករៀបចំ ហើយត្រូវបានអាជ្ញាធរនៅប្រទេសថៃចាប់ខ្លួនពីបទសម្អាតប្រាក់ និងបានបញ្ជូនខ្លួនទៅប្រទេសចិន ដើម្បីអនុវត្តទោសកាលពីឆ្នាំ២០២៣ ហើយជនសង្ស័យ សុខ ហេង បានបន្តប្រតិបត្តិការសម្អាតប្រាក់ នេះ រហូតដល់ពេលចាប់ខ្លួន។

ជនសង្ស័យទាំង ០២នាក់ បានធ្វើសកម្មភាពសម្អាតប្រាក់ ដោយមានរចនាសម្ព័ន្ធច្បាស់លាស់ និងមានបណ្តាញស្ថិតនៅប្រទេសមីយ៉ាន់ម៉ា ហុងកុង ថៃ សហរដ្ឋអាមេរិក ដោយប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងជ្រកកោន ដើម្បីទទួលបានផលពីបទល្មើសផ្សេងៗរបស់ក្រុមឧក្រិដ្ឋជន នៅប្រទេសមីយ៉ាន់ម៉ា ដោយពួកគេជាអ្នកសម្អាតប្រាក់ទាំងនោះ រួចផ្ទេរបន្តទៅបក្ខពួករបស់ខ្លួននៅប្រទេសមីយ៉ាន់ម៉ា ហុងកុង សហរដ្ឋអាមេរិក និងប្រទេសថៃវិញ ។

បច្ចុប្បន្នត្រូវចោទទាំង២នាក់ ត្រូវបានបញ្ជូនទៅចៅក្រមបើកការស៊ើបសួរបន្ត៕

ដោយ រ៉ារ៉ា


ចែករំលែក៖