ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ០៧នាក់ ខាងលើនិងបក្ខពួកពីបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចកាហ្វេML ក្រោយហាងលក់មីហឹរ ផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤១០ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ។ ចំណែកជនសង្ស័យឈ្មោះ នន វណ្ណឡុង ភេទប្រុស អាយុ១៣ឆ្នាំ ត្រូវបានតំណាងអយ្យការធ្វើការសម្រេចដោះលែងឱ្យមានសេរីភាពឡើងវិញ ដោយមូលហេតុថាជនសង្ស័យរូបនេះជាអនីតិជនមានអាយុក្រោម១៤ឆ្នាំ។
សូមរំលឹកថា កាលពីថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើងឈ្មោះ MT (ប្លុកតាន់) និង ក្រុមផ្ទះភូមិ មានគ្នាចំនួន២៨នាក់ ប្រដាប់ដោយដាវកែច្នៃចំនួន០៣ដើមនិងដុំថ្ម បានធ្វើសកម្មភាពដេញកាប់និងគប់ទៅលើក្រុមក្មេងទំនើងមួយក្រុមទៀតឈ្មោះ ធូបមូស (TM) មានគ្នាចំនួន០៦នាក់ នៅចំណុចកាហ្វេML ក្រោយហាងលក់មីហឹរ ផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៣និង០០នាទី ហើយក្រុមក្មេងទំនើងខាងលើក៏បានកាប់បំផ្លាញទៅលើម៉ូតូរបស់ជនរងគ្រោះ បណ្តាលឱ្យខូចខាតចំនួន ០២ គ្រឿង រួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។ រហូតមកដល់វេលាម៉ោងប្រហែល ១៩ និង០០ នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យចំនួន ០៨ នាក់ ១.ឈ្មោះ ឆៃ សុឃាន ហៅ ឈាន ភេទប្រុស អាយុ១៤ឆ្នាំ, ២.ឈ្មោះ សុន សុភា ភេទប្រុស អាយុ១៤ឆ្នាំ, ៣.ឈ្មោះ ខន ផានុ ភេទប្រុស អាយុ១៤ឆ្នាំ, ៤.ឈ្មោះ យុន សុដែត ហៅមាន ភេទប្រុស អាយុ១៤ឆ្នាំ, ៥.ឈ្មោះ នន វណ្ណឡុង ភេទប្រុស អាយុ១៣ឆ្នាំ ៦.ឈ្មោះ អាំង រតនៈ ភេទប្រុស អាយុ១៤ឆ្នាំ ៧.ឈ្មោះ នុត រាំយុ ភេទប្រុស អាយុ១៤ឆ្នាំ និង៨.ឈ្មោះ ធុន សុខវីរៈ ហៅ បារាំង ភេទប្រុស អាយុ១៦ឆ្នាំ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។
បច្ចុប្បន្នក្រុមជនត្រូវចោទ ជាក្មេងទំនើងទាំងនេះត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តអាចនឹងឃុំខ្លួននៅពន្ធនាគារជាបណ្ដោះអាសន្ន៕
ដោយ រ៉ារ៉ា