ព័ត៌មានទាន់ហេតុការណ៍៖

តោះស្វែងយល់ អំពី អត្ថប្រយោជន៍នៃកាំរស្មីសំរាប់ជំងឺមហារីកមាត់ស្បូន!

ចែករំលែក៖

ភ្នំពេញ ៖ អត្ថប្រយោជន៍នៃកាំរស្មីសំរាប់ជំងឺមហារីកមាត់ស្បូន! 

១) តើអ្វីទៅជាជំងឺមហារីកមាត់ស្បូន? 

ជំងឺមហារីកមាត់ស្បូន គឺជាការវិវត្តមិនប្រក្រតី និងលឿនខុសធម្មតា នៃកោសិការរបស់មាត់ស្បូនស្រ្តី បង្កើតបានជាដុំសាច់ ដែលយើងតែងតែហៅថាជាជំងឺដុំសាច់មហារីក។ វាមាននិន្នាការរាលដាលសរីរាង្គជុំវិញ (Invasion) និងសរីរាង្គនៅឆ្ងាយ (Metastasis)។ ជំងឺនេះឈរលំដាប់ទី១ នៃជំងឺមហារីករបស់ស្ត្រីនៅក្នុងប្រទេសកម្ពុជា។

២) ការព្យាបាលជំងឺមហារីកមាត់ស្បូនមានអ្វីខ្លះ? 

ការព្យាបាលជំងឺមហារីកមាត់ស្បូន ធ្វើតាមដំណាក់កាលរបស់ជំងឺ (FIGO classification) ប៉ុន្តែជាទូទៅការព្យាបាលរួមមាន ៖

   – ការព្យាបាលដោយកាំរស្មី (ការបញ្ចាំង និងស្អំ) 

   – ការចាក់ថ្នាំគីមី 

   – ការវះកាត់

៣) ហេតុអ្វីត្រូវការកាំរស្មីក្នុងការព្យាបាល ? 

   – ជាវិធីសាស្រ្តដើរតួយ៉ាងសំខាន់ដែលជាលក្ខណៈស្តង់ដារក្នុងការព្យាបាលជំងឺមហារីកមាត់ស្បូនចាប់ពីដំណាក់ការ IB3-IVA (ទំហំដុំសាច់ធំជាង ៤ស.ម ឫដុំសាច់រាលដាលដល់សរីរាង្គជាប់មាត់ស្បូន)។ 

   – ការព្យាបាលដោយកាំរស្មី គឺមានគោលដៅសម្លាប់ រឺបំផ្លាញកោសិកាមហារីក ដោយរក្សានូវការប៉ះពាល់ទៅលើសរីរាង្គជិតខាងឲ្យបានតិចតួចបំផុត។

   – ព្យាបាលក្នុងគោលបំណងឲ្យជាសះស្បើយ (Curative radiotherapy): ការព្យាបាលដោយកាំរស្មី បូករួមជាមួយនឹងការព្យាបាលដោយការចាក់ថ្នាំគីមី និងការស្អំដោយកាំរស្មី។

   – ព្យាបាលក្នុងគោលបំណងពន្យារ រឺសម្រន់ (Palliative radiotherapy): ការព្យាបាលដើម្បីកាត់បន្ថយនូវការឈឺចាប់ ឬ ទប់មិនឲ្យមានការហូរឈាមភ្លាមៗ ដើម្បីពន្យាជីវិត និងគុណភាពជីវិតចុងក្រោយរបស់អ្នកជំងឺ។

៤) ប្រភេទនៃការព្យាបាលដោយកាំរស្មីក្នុងជំងឺមហារីកមាត់ស្បូនមាន៖

   – ការបញ្ចំាងកាំរស្មី (External Beam Radiotherapy): កាំរស្មីត្រូវបានបញ្ចេញពីម៉ាស៊ីន ដោយមានការឆ្លងកាត់ស្បែក និងសរីរាង្គដទៃទៀតរហូតទៅដល់ដុំសាច់ដែលត្រូវព្យាបាល។

   – ការស្អំដោយកាំរស្មី (Brachytherapy): ជាការដាក់បញ្ចូលប្រភពកាំរស្មីឲ្យជិត រឺ ក្នុងដុំសាច់ដែលត្រូវព្យាបាលតែម្តង ដោយកាំរស្មីមិនឆ្លងកាត់ស្បែក និងសរីរាង្គផ្សេងៗ។

“សូមមេត្តាមកពិគ្រោះយោបល់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីយល់ដឹងបន្ថែមពីការព្យាបាលជំងឺមហារីកមាត់ស្បូនដោយកាំរស្មី”។នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

ដោយ ៖ សិលា


ចែករំលែក៖