ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលស្រុកសំបូរ ៖ ពាក់ព័ន្ធនឹងគណនីហ្វេសប៊ុករបស់វិទ្យុអាស៊ីសេរី (RFA) និងVILEN TEP ផ្សព្វផ្សាយព័ត៌មានបំភ្លៃ បំភាន់ និងប្រឌិតរឿងឡើងក្នុងគោលបំណងញុះញង់ និងអុចអាល

ចែករំលែក៖

ខេត្តក្រចេះ ៖ សេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលស្រុកសំបូរ ពាក់ព័ន្ធនឹងគណនីហ្វេសប៊ុករបស់វិទ្យុអាស៊ីសេរី (RFA) និងVILEN TEP ផ្សព្វផ្សាយព័ត៌មានបំភ្លៃ បំភាន់ និងប្រឌិតរឿងឡើងក្នុងគោលបំណងញុះញង់ និងអុចអាល ដើម្បីឱ្យសាធារណជន និងបងប្អូនប្រជាពលរដ្ឋ មានការយល់ច្រឡំ។ 

ថ្មីៗនេះមាន គណនីហ្វេសប៊ុករបស់វិទ្យុអាស៊ីសេរី (RFA) និង VILEN TEP បានបង្ហោះសារព័ត៌មានស្តីពី * អាជ្ញាធរ ព្រមានចាប់ខ្លួន ពលរដ្ឋតវ៉ារារាំងការឈូសឆាយគ្រឿងចក្រក្រុមហ៊ុនវៀតណាម ក្នុងន័យនេះរដ្ឋបាល ស្រុកសំបូរមានកិត្តិយស សូមបំភ្លឺដល់សាធារណៈជនមេត្តាជ្រាបថា៖ ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងាររដ្ឋបាលស្រុកសំបូរ សហការជាមួយមន្ត្រីជំនាញនៃ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះជួបជាមួយប្រជាពលរដ្ឋដែលបានចូលមកទន្ទ្រានកាន់កាប់ដីតាម តំបន់ក្រវ៉ាត់ព្រំក្រុមហ៊ុន និងតំបន់ឈូសឆាយរួច ដែលជាដីរបស់ក្រុមហ៊ុនក្រុមហ៊ុនកាម៉ាដេនូ វេនឈីរ(ខេមបូឌា) លីមី ធីត និងក្រុមហ៊ុនអិន ខេ អេហ្គ្រី (ខេមបូឌា) លីមីធីត បានទទួលសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលតាមរយៈលិខិតលេខ ១២០ស.ប្រ.ទ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០០៩ និងលិខិតលេខ ៨៨ស.ប្រ.ទ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១០ និងបានធ្វើការចុះបញ្ជីដីជាដីឯកជនរបស់រដ្ឋនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ និង ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៣ ។ នៅក្នុងឆ្នាំ២០២២ ដីក្រុមហ៊ុនដែលបានលឈូសឆាយ ដើម្បីដាំដុះប្រមាណ ៥០០ហិកតា មានប្រជាពលរដ្ឋ ប្រមាណ ៨១គ្រួសារ ចូលមកដាំដុះនឹងអាស្រ័យផលលើដីឈូសឆាយរួចនេះ ដោយគាត់គិតថាក្រុមហ៊ុនមិនទាន់ប្រើប្រាស់ ក្រោយពីក្រុមការងារបានសម្របសម្រួលនឹងដោះស្រាយ ពួកគាត់ទទួលយកការដោះស្រាយដូចខាងក្រោម៖

-ប្រជាពលរដ្ឋចំនួន ៤៥ គ្រួសារ បានទទួលយកការដោះស្រាយ និងយល់ព្រមចាកចេញក្រោយពេល ប្រមូលផលដំណាំរួច ។

– ប្រជាពលរដ្ឋចំនួន ៣២ គ្រួសារ បានប្រគល់ដីជូនក្រុមហ៊ុនវិញ។

– ប្រជាពលរដ្ឋចំនួន ៤ គ្រួសារ មិនព្រមទទួលយកការដោះស្រាយដោយនៅតែទាមទារកាន់កាប់បន្ត ។

បច្ចុប្បន្នក្រុមការងាររដ្ឋបាលស្រុកសំបូរ សហការជាមួយមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត បានចុះសម្របសម្រួលពន្យល់ណែនាំ និងដោះស្រាយ ឱ្យពួកគាត់ចាកចេញហើយប្រគល់ដីជូនក្រុមហ៊ុន វិញបានមួយចំនួនធំ នៅសល់តែបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចដែលពួកគាត់ជឿលើការញុះញង់ អុចអាល ពីជន ខិលខូច ដើម្បីចាប់ដីក្រុមហ៊ុនលក់ ។ ទោះបីជាពួកគាត់មិនទាន់បានចេញក៏ដោយក៏ក្រុមការងារនៅតែបន្តជួបពិភាក្សា ជាមួយពួកគាត់ដើម្បីរកដំណោះស្រាយ ដោយភាពទន់ភ្លន់ និងបត់បែន ។

ដូចនេះការបង្ហោះសាររបស់គណនីហ្វេសប៊ុករបស់វិទ្យុអាស៊ីសេរី (RFA) និង VILEN TEP គឺជាការ បំភាន់មតិ ប្រឌិតរឿងឡើងក្នុងគោលបំណងញុះញង់ អុចអាល ដើម្បីឱ្យសាធារណៈជន និងបងប្អូនប្រជាពលរដ្ឋ មាន ការយល់ច្រឡំមកលើការខិតខំប្រឹងប្រែងរបស់ អាជ្ញាធរខេត្ត ស្រុក ផ្នែកជំនាញ និងក្រុមហ៊ុន ដែលកំពុងខិតខំយកចិត្តទុកដាក់សម្របសម្រួល និងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖