ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីក្រោមប្រធានបទ “TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ”

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំមានសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែង ដែលបានចូលរួមអបអរសាទរជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ដៃគូអភិវឌ្ឍ និងបងប្អូនជនរួមជាតិទាំងអស់ ក្នុងឱកាសដ៏មហោឡារិក នៃការប្រារព្ធ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ដែលរៀបចំឡើងនៅថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ”។ ការជ្រើសរើសយកប្រធានបទ និងការរៀបចំទិវាជាតិនេះ គឺបង្ហាញឱ្យឃើញយ៉ាងច្បាស់លាស់នូវការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តឱ្យបាននូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលបានផ្តល់អាទិភាពគន្លឹះទី១ លើ “មនុស្ស” ហើយ “ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” គឺជាអាទិភាពបន្តបន្ទាប់តាមលំដាប់។ “ការបណ្តុះបណ្តាលជំនាញបច្ចេកទេស” គឺជាមុំសំខាន់មួយ នៃបញ្ជារកោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស” ដែលជារបៀបវារៈក្នុងការកសាងនិងអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដោយ សម្រេចឱ្យបាននូវគោលដៅ “ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ជាពិសេសសម្រាប់យុវជនដែល ជាកម្លាំងពលកម្មជំនាញដ៏មានសក្តានុពល។ នេះជាសារលិខិត សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។

សម្តេចធិបតី បន្តថា ៖ រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាជាតិនេះ ក្នុងគោលបំណង លើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាមនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ តាមរយៈការ ផ្សព្វផ្សាយ ការជំរុញ និងការលើកទឹកចិត្តទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនទូទៅ ឱ្យបានយល់ដឹងកាន់តែច្បាស់ និង ទូលំទូលាយ អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ព្រមទាំងចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ទាំង ក្នុងនិងក្រៅប្រទេស ៕

ដោយ ៖ សិលា


ចែករំលែក៖