ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិអប្សរា ជួសជុល អភិរក្សប្រាសាទបាតជុំ ដំណាក់កាលទី៥

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បន្តការងារជួសជុលប្រាង្គកណ្តាលនៃប្រាសាទបាតជុំ ក្នុងដំណាក់កាលទី៥។ ការងារជួសជុលនេះ បានចាប់ផ្ដើមតាំងតែពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤។

កញ្ញា  ដយ ពេជ្រជីរ៉ា វិស្វករនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទបាតជុំ ឱ្យដឹងថាបច្ចុប្បន្នក្រុមការងារកំពុងជួសជុលតួប៉មកណ្តាលផ្នែកខាងលើនៃប្រាសាទបាតជុំដោយជួសជុលនៅជ្រុងខាងជើង និងទិសអាគ្នេយ៍កន្លែងដែលមានហានិភ័យខ្លាំងជាមុនសិន និងបន្តជួសជុលកន្លែងខូចខាតផ្សេងៗរហូតដល់កំពូលប្រាសាទ ដើម្បីឱ្យរចនាសម្ពន្ធឥដ្ឋមានភាពរឹងមាំឡើងវិញ និងទប់ស្កាត់ការហូរជ្រាបទឹកជាបន្តទៀត។

វិស្វករដដែលបន្តទៀតថា មុនជួសជុល ប្រាសាទបាតជុំ មានសភាពទ្រុឌទ្រោម និងគ្រោះថ្នាក់ខ្លាំង ដោយនៅផ្នែកខ្លះឥដ្ឋហែកចេញពីគ្នា ជញ្ជាំងឥដ្ឋពុកផុយ រលុះធ្លាក់ និងផ្នែកខ្លះទៀតនៃតួប៉មបានផ្លាស់ប្ដូរទ្រង់ទ្រាយ ដែលទាមទារឱ្យមានការជួសជុលពង្រឹងជាបន្ទាន់។

ប្រាសាទបាតជុំ កសាងឡើងនៅពាក់កណ្តាលសតវត្សរ៍ទី១០ ដោយមន្ត្រីជាន់ខ្ពស់ក្នុងរាជ្យព្រះបាទរាជេន្ទ្រវរ្ម័នទី២ ដើម្បីឧទ្ទិសដល់ពុទសាសនាមហាយាន។ ប្រាសាទនេះ កសាងនៅលើខឿនថ្មបាយក្រៀមពីរថ្នាក់ដែលមានតួប៉មសង់ពីឥដ្ឋចំនួន និងមានសិលាចារឹកចំនួន៦ផ្ទាំង។ ផ្នែកខ្លះនៃស្ថាបត្យកម្ម លម្អដោយថ្មភក់ដូចជាផ្តែរ ស៊ុំទ្វារ និងជើងខឿននៃតួប៉មទាំងបី។

ការងារជួសជុលមកដល់ដំណាក់កាលទី៥នេះ តួប៉មប្រាសាទទាំងបី នឹងមានភាពរឹងមាំជាងមុន ដោយពុំចាំបាច់ទល់ទ្រនៅតាមតួប៉មទាំងបីជាបន្តទៀតនោះទេ។ ប្រាសាទនេះ នឹងបានបង្ហាញសោភ័ណភាពឡើងវិញ គង់វង្សបានយូរអង្វែងទៅអនាគត ហើយភ្ញៀវទេសចរ ក៏នឹងអាចចូលទស្សនាស្វែងយល់នៅតាមតួប៉មនីមួយៗបានដោយសុវត្ថិភាព៕

ដោយ៖ សូរិយា


ចែករំលែក៖