ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានប្រឹងប្រែងចុះប្រមូលសិស្សដែលគេចសាលា ក្រោយនាំគ្នាទៅជួលសណ្ឋាគារដេកពពាក់ពពូនគ្នាកន្លះខែ ដើម្បីលេងហ្គេម ជក់ ផឹក ទាំងស្រី ទាំងប្រុស អត់គិតពីការរៀនសូត្រ អនាគត នោះឡើយ។
សូមបញ្ជាក់ថា ៖ កម្លាំងនគរបាលក្រុងសៀមរាប ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចុះឃាត់ក្មេងទំនើងប្រុសស្រី១៦នាក់ (ស្រី៦នាក់) ដែលគេចពីសាលា និងពីឪពុកម្តាយនាំគ្នាមកជួលបន្ទប់សណ្ឋាគារយីហោ «សេវេនហាភីនីស» ចំនួន២បន្ទប់ លេខ៣០៣ និង៣០៥ ដេកពពាក់ពពូនគ្នា ដើម្បីលេងហ្គេមរយៈពេលកន្លះខែ។ នេះបើយោងតាមការបញ្ជាក់ពី សមត្ថកិច្ចនគរបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។
សមត្ថកិច្ចបន្តថា ៖ បន្ទាប់ពីចាប់ឃាត់ខ្លួនរួចមក បាននាំយកទៅកាន់អធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីសាកសួរ រួចឱ្យឪពុកម្តាយមកធានាធ្វើកិច្ចសន្យាឱ្យត្រឡប់ទៅផ្ទះវិញ។
ចំណែកម្ចាស់សណ្ឋាគារ ត្រូវកម្លាំងនគរបាលក្រុងសៀមរាប កោះហៅយកមកធ្វើការសាកសួរ និងធ្វើកិច្ចសន្យាឱ្យត្រឡប់ទៅសណ្ឋាគារវិញ ដើម្បីឱ្យបញ្ឈប់សកម្មភាព ជួលទៅឱ្យក្រុមក្មេងៗ ដោយគ្មានឪពុកម្តាយដឹងឮ តទៅទៀត។
គ្រប់កូនចៅត្រូវបំពេញកិច្ចអ្វីខ្លះចំពោះមាតាបិតា !
មាតាបិតាមានគុណូបការដល់បុត្រ បុត្រគួរសង្រ្គោះដោយផ្លូវប៉ុន្មានប្រការ?
បុត្រត្រូវសង្រ្គោះមាតាបិតា ដែលជាបុព្វការីនោះដោយបទសង្គ្រោះ៥ប្រការគឺ៖
1. ករណំ គិតថាអាត្មាអញនេះ គឺមានមាតាបិតាលោកចិញ្ចឹមមកយូរហើយគួរតែចិញ្ចឹមលោកវិញ។
2. កិច្ចករណំ ការងារនៃមាតាបិតាមានឡើង ត្រូវបពា្ឈប់ការងាររបស់ខ្លួនសិន ទៅជួយធ្វើកិច្ចការមាតាបិតានោះ ត្រាតែបានសម្រេច ។
3. កុលវង្សថបនំ កូនត្រូវប្រព្រឹត្តរក្សាវង្ស តម្កល់វង្សនៃត្រកូលអោយឋិតថេរនៅ ការកេរ្តិ៍មាតាបិតាកុំអោយសាបសូន្យវិនាសទៅបាន។
4. ទាយជ្ជារហបដិបជ្ជនំ កូនត្រូវបំរើមាតាបិតាដោយសុចរិត តាំងចិត្តលំអោន គោរពកោតខ្លាច អាចទទួលនូវទ្រព្យមរតករបស់មាតាបិតា។
5. ទក្ខិណានុប្បទានំ បើមាតាដល់នូវមរណភាពហើយ កូនត្រូវទទួលតបគុណ ដោយធ្វើឈាបនកិច្ច ធ្វើបុណ្យសាងកុសលបញ្ជូនផលទក្ខិណានុប្បទានទៅមាតាបិតា ដែលលោកចែកឋានទៅបរលោកនោះ។
ផ្ទុយទៅវិញ មួយរយៈនេះ ក្មេងៗបែរជាគេចសាលា ប្រមូលផ្តុំគ្នា ជក់បារីតាមហាង លេងហ្គេម ធ្វើឱ្យសមត្ថកិច្ចប្រមូលយកមកអប់រំ ធ្វើឱ្យឪពុកម្តាយ អាណាព្យាបាល អំពល់ក្នុងចិត្តពន់ពេក ខណៈកូនដើរផ្លូវខុស៕
ដោយ ៖ សិលា