ខេត្តព្រះសីហនុ ៖ ម៉េចហើយកំណាត់ផ្លូវជាតិលេខ៣(ត្រពាំងរពៅ-វាលរេញ)? រដូវវស្សានេះធ្វើដំណើរទៅមកបានទេ?
លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ កំណាត់ផ្លូវជាតិលេខ៣(ត្រពាំងរពៅ-វាលរេញ)មានស្ថានភាព នៃការធ្វើដំណើរមមាញឹកជាធម្មតា ទាំងរថយន្តតូច រថយន្តធំ និងទោចក្រយានយន្ត ដែលប្រើប្រាស់ថេរវេលារង្វង់ជាង ២០-៣០នាទីលើចម្ងាយផ្លូវជាង ២០គីឡូម៉ែត្រនេះ។
លោកបន្តថា ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងតែយកចិត្តទុកដាក់ខ្ពស់ និងបានចង្អុលបង្ហាញដល់អង្គភាពពាក់ព័ន្ធ ជាពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ បន្តថែទាំ កៀរកិន បង្ហាប់ ស្រោចទឹក សម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជាប្រចាំ(ខួប) មុននឹងឈានទៅដល់ការអនុវត្តការងារសាងសង់ជាក់ស្តែងឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។
សូមបញ្ជាក់ថា ៖ កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ប្រវែងជាង២០គីឡូម៉ែត្រ ជាប្រភេទដីស្អុយ បៀមទឹកខ្លាំង ដែលមានជម្រៅជ្រៅជិត ២០0ម៉ែត្រ។
ដើម្បីឱ្យការស្ថាបនាកំណាត់ផ្លូវនេះឡើងវិញជាប់ធន់បានយូរ ទាមទារការប្រើប្រាស់បច្ចេកសាងសង់ខ្ពស់ ជាពិសេសការសាងសង់គ្រឹះទម្រស្រទាប់កម្រាលផ្លូវតែម្តង។
សូមធ្វើដំណើរដោយសុខសុវត្ថិភាព និងមេត្តាយោគយល់អធ្យាស្រ័យករណីមានការរំខានក្នុងអំឡុងពេលថែទាំនេះ ៕
ដោយ ៖ សិលា