ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាស្រុកអង្គស្នួល ចំនួន ១៩រូប ត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែង ក្នុងអាណត្តិទី៤

ចែករំលែក៖

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធី ប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាស្រុកអង្គស្នួលចំនួន ១៩រូប ក្នុងអាណត្តិទី៤ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានអបអរសាទរ ដល់លោក លោកស្រីជាប្រធាន សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុកអង្គស្នួល ដែលត្រូវបានតំណាងប្រជាពលរដ្ឋ ផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតជ្រើសរើសជាក្រុមប្រឹក្សាស្រុក ដើម្បីបន្តដឹកនាំការងារ សំដៅចូលរួមថែរក្សាសុខសន្ដិភាព ស្ថេរភាព និងការអភិវឌ្ឍក្នុងមូលដ្ឋានឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ 

លោកអភិបាលរងខេត្ត បានណែនាំ ដល់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ត្រូវត្រៀមរៀបចំផែនការអភិវឌ្ឍន៍ រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ដោយឆ្លុះបញ្ចាំង និងឆ្លើយតបទៅនឹងគោលបំណង និងគោលដៅអាទិភាពនៃ យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ជាពិសេស ត្រូវយកចិត្តទុកដាក់ពិនិត្យនូវរាល់បញ្ហាប្រឈម និងសំណូមពរនានា របស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយ និងឆ្លើយតបឱ្យបានរហ័ស ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព។

លោកអភិបាលរងខេត្ត បានមានប្រសាសន៏ថា ដើម្បីឆ្លើយតបទៅនឹងគុណតម្លៃនៃការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ ដែលបានចាត់តំណាងឱ្យបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកនាពេលនេះ អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន។ ជាមួយគ្នានោះ ត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់ការរបស់មន្រ្តីនៅក្នុងការ បំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតប ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទាំងមូល។

នាឱកាសនោះដែរ លោកបានគួសបញ្ចាក់ថា បើទោះបីជាសមាជិក សមាជិកាក្រុមប្រឹក្សា ដែលជាប់ឆ្នោត មានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ក៏ប៉ុន្ដែតាមគោលការច្បាប់រៀបចំអង្គការបានកំណត់ថា ក្រុមប្រឹក្សាគឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនទាំងមូល ដូច្នេះនៅក្នុងអាណត្តិទី៤នេះ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាថ្មី ត្រូវខិតខំបំពេញតួនាទី ភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយឡើយ ៕

ដោយ ៖ សិលា


ចែករំលែក៖