សារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា កងទ័ពអ៉ីស្រាអែលបានប្រកាសថា ខ្លួននឹងចាប់ផ្តើមអនុវត្តការផ្អាកសកម្មភាពយោធានៅផ្នែកខ្លះនៃភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) អំឡុងចន្លោះម៉ោងនាពេលថ្ងៃជារៀងរាល់ថ្ងៃ ក្រោមគោលបំណងជួយសម្រួលដល់កិច្ចប្រឹងប្រែងផ្តល់ជំនួយ។
យោធាអ៉ីស្រាអែលបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការផ្អាកសកម្មភាពយោធាក្រោមបុព្វហេតុមនុស្សធម៌ នឹងត្រូវធ្វើឡើងចាប់ពីម៉ោង ៨៖០០នាទីព្រឹក រហូតដល់ម៉ោង១៩៖០០នាទីយប់ ជារៀងរាល់ថ្ងៃ រហូតទាល់តែមានសេចក្តីជូនដំណឹងថ្មី ដោយវានឹងត្រូវអនុវត្តនៅតាមបណ្តោយផ្លូវដែលចេញពីច្រកព្រំដែន Kerem Shalom ឆ្ពោះទៅកាន់ផ្លូវ Salah al-Din និងបន្ទាប់មក បន្តឆ្ពោះទៅទិសខាងជើង។
សេចក្តីថ្លែងការណ៍របស់កងទ័ពអ៉ីស្រាអែលបានបន្តថា ការសម្រេចចិត្តនេះ គឺជាផ្នែកលើកិច្ចប្រឹងប្រែង សំដៅបង្កើនលំហូរជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ Gaza ក្រោយមានការពិភាក្សាគ្នាជាមួយ UN និងអង្គការដទៃទៀត។ ជាយូរមកហើយ អ៉ីស្រាអែលបាននិយាយការពារកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការសម្រួលដល់ដំណើរការផ្តល់ជំនួយ រួមមានទាំងតាមរយៈច្រក Karem Shalom ប៉ុន្តែអង្គការមនុស្សធម៌បានព្រមានជាច្រើនខែមកហើយអំពីស្ថានភាពខ្វះខាតធ្ងន់ធ្ងរ នៃស្បៀងអាហារនិងរបស់ចាំបាច់ផ្សេងៗទៀត នៅតំបន់ Gaza។ យោងតាមអង្គការសុខភាពពិភពលោក WHO កុមារចំនួនលើស៨,០០០នាក់ មានអាយុក្រោម៥ឆ្នាំ នៅ Gaza បានជួបប្រទះបញ្ហាខ្វះអាហារូបត្ថម្ភក្នុងកម្រិតខ្លាំងធ្ងន់ធ្ងរ។
ក្រុមអ្នកសម្របសម្រួលអន្តរជាតិ បាននិងកំពុងព្យាយាមជំរុញឱ្យអ៉ីស្រាអែលនិងក្រុមហាម៉ាស់ប៉ាឡេស្ទីន យល់ព្រមចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលផ្តួចផ្តើមដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដើម្បីអនុញ្ញាតឱ្យមានការដោះដូរចំណាប់ខ្មាំង-អ្នកទោស និងការបង្កើនលំហូរជំនួយ ប៉ុន្តែដំណើរការចរចាកិច្ចព្រមព្រៀងនោះបានជាប់គាំងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ៕ ដោយ៖ ធីរីណា
រូបថត៖ Reuters