ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ លោកអភិសន្តិបណ្ឌិត និងលោកជំទាវ ដឹកនាំប្រតិភូមាតុភូមិនិវត្តន៍ បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅប្រទេសអូស្ត្រាលី

ចែករំលែក៖

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព នាល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នេះ បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ រយៈពេលមួយសប្ដាហ៍ នៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ នាអំឡុងទស្សនកិច្ចនោះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្ម ថ្នាក់ដឹកនាំនិងមន្ត្រីនៃអង្គភាពពាក់ព័ន្ធវិស័យមហាផ្ទៃ និងទស្សនកិច្ចទីតាំងសំខាន់ៗមួយចំនួនទៀត។

ក្នុងជំនួបជាមួយ លោក Andrew Giles រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់ និងបទពិសោធលើការងារគ្រប់គ្រងជនអន្តោប្រវេសន៍ បទល្មើសបច្ចេកវិទ្យា កំណែទម្រង់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការងារអន្តោប្រវេសន៍ យុទ្ធសាស្រ្តទេសន្តរប្រវេសន៍ និងកំណែទម្រង់កម្មវិធីផ្តល់ទិដ្ឋាការ ព្រមទាំងបានបញ្ជាក់អំពីឆន្ទៈក្នុងការបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។

ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា លោកអភិសន្តិបណ្ឌិត និង លោក Andrew Giles ក៏បានមើលឃើញអំពីភាពចាំបាច់ក្នុងការផ្លាស់ប្តូរបទពិសោធ បច្ចេកទេស និងព័ត៌មានឱ្យបានទាន់ពេលវេលា។  លោក Andrew Giles បានទទួលយកសំណូមពររបស់ លោកអភិសន្តិបណ្ឌិត លើការងារបណ្តុះបណ្តាលជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាដល់មន្រ្តីនគរបាលជំនាញកម្ពុជា។

ដោយឡែកក្នុងជំនួបជាមួយលោក  Michelle Chan អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសអូស្រ្តាលី លោកអភិសន្តិបណ្ឌិត បានគូសបញ្ជាក់អំពីទិដ្ឋភាពទូទៅនៃការវិវឌ្ឍថ្មីៗនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា លើការបន្តថែរក្សាសន្តិភាព ដែលប្រទេសកម្ពុជារកបានដោយលំបាក សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

លោកស្រី Michelle Chan បានវាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-អូស្រ្តាលី នាពេលកន្លងមក ដែលឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកម្ពុជា-អូស្រ្តាលី និងជាពិសេស ទស្សនកិច្ចដ៏ជោគជ័យនាពេលថ្មីៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី និងលទ្ធផលប្រកបដោយផ្លែផ្កាក្នុងជំនួបពិភាក្សារវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក  Anthony Albanese នាយករដ្ឋមន្រ្តីនៃប្រទេសអូស្រ្តាលី។

ភាគីទាំងពីរ ក៏មានការយល់ឃើញដូចគ្នាអំពីភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើការងារប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការឆបោកតាមប្រព័ន្ធអនឡាញ ការជួញដូរមនុស្ស និងការរត់ពន្ធមនុស្ស តាមរយៈក្របខណ្ឌទ្វេភាគី និងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ អាស៊ាន-អូស្រ្តាលី។

ក្រៅពីជំនួបទ្វេភាគី គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ក៏បានជួបពិភាក្សាជាមួយតំណាងក្រសួងមហាផ្ទៃនៃប្រទេសអូស្រ្តាលី រួមមាន អង្គភាពទទួលបន្ទុកកិច្ចការគោលនយោបាយសាយប័រ កម្លាំងត្រួតពិនិត្យព្រំដែនអូស្រ្តាលី វិទ្យាស្ថានបណ្តុះបណ្តាលជំនាញអន្តោប្រវេសន៍ និងអង្គភាពចារកម្មជាតិ ព្រមទាំងជាមួយមន្រ្តីជំនាញនៃនគរបាលសហព័ន្ធអូស្រ្តាលី និងបានចុះទស្សនកិច្ចផ្ទាល់ដល់ទីតាំងមន្ទីរពិសោធន៍ច្រកទ្វារឆ្លាតវៃ នៃក្រសួងមហាផ្ទៃអូស្រ្តាលី។

ក្នុងជំនួប និងទស្សនកិច្ចផ្ទាល់នោះ គណៈប្រតិភូ បានផ្លាស់ប្តូរ និងដកបទពិសោធលើការងារគ្រប់គ្រងជនអន្តោប្រវេសន៍ បទល្មើសបច្ចេកវិទ្យា កំណែទម្រង់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការងារអន្តោប្រវេសន៍ យុទ្ធសាស្រ្តទេសន្តរប្រវេសន៍ និងកំណែទម្រង់កម្មវិធីផ្តល់ទិដ្ឋាការការងារប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការឆបោកតាមប្រព័ន្ធអនឡាញ ការជួញដូរមនុស្ស និងការរត់ពន្ធមនុស្ស យុទ្ធសាស្រ្ត និងផែនការសកម្មភាពស្តីពីសន្តិសុខសាយប័រ ដំណើរការផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គល ការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋនៃប្រទេសទាំងពីរ ដែលពុំមានមូលដ្ឋានស្នាក់នៅស្របច្បាប់ ការប្រមូលវិភាគព័ត៌មាន ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ការទប់ស្កាត់ការប្រើប្រាស់បច្ចេកវិទ្យាខុសគោលដៅ ដូចជា ថ្នាលទំនាក់ទំនងសង្គម បញ្ញានិម្មិត (AI) និងការជ្រៀតជ្រែកពីរដ្ឋ និងភ្នាក់ងារបរទេស សំដៅធានា សន្តិភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ នៅក្នុងប្រទេសទាំងពីរ និងតំបន់។

នាឱកាសទស្សនកិច្ចនោះ ភាគីកម្ពុជា និងភាគីអូស្រ្តាលី ក៏បានបង្ហាញឆន្ទៈខ្ពស់ និងឯកភាពក្នុងការពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យជំនាញពាក់ព័ន្ធក្រោមការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃអូស្រ្តាលី ក្រសួងទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌ និងនគរបាលសហព័ន្ធអូស្រ្តាលីនាពេលខាងមុខ។ ដំណើរទស្សនកិច្ចនេះ បានបញ្ចប់ទៅប្រកបដោយ​ជោគជ័យ ជាមួយនឹង​ការវាយតម្លៃ​​បូកសរុបដកស្រង់បទពិសោធល្អៗ​ដែលបានអនុវត្តនៅប្រទេសទាំងពីរ។

ជារួម ក៏មិនខុសពីដំណើរទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីពេលកន្លងទៅនោះដែរ ពោលគឺទន្ទឹមនឹងការផ្លាស់ប្ដូរមតិយោបល់និងការឯកភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកម្រិតនយោបាយជាមួយថ្នាក់ដឹកនាំអូស្ត្រាលី គណៈប្រតិភូដឹកនាំដោយ លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានប្រមូលនិងច្បិចយកបទពិសោធន៍ល្អៗនៃការអនុវត្តការងារជំនាញបច្ចេកទេសរបស់អង្គភាពនិងមន្ត្រីពាក់ព័ន្ធអូស្ត្រាលី ដើម្បីមកធ្វើជាធាតុចូលសម្រាប់កំណែទម្រង់ និងការធ្វើទំនើបកម្មការងារដែលពាក់ព័ន្ធផងដែរ៕

ដោយ ៖ សិលា 


ចែករំលែក៖