ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ ចំពោះលោក ខៃ រដ្ឋា ដែលជាអគ្គលេខាធិការគណបក្សភ្លើងទៀនប្រចាំទ្វីបអាមេរិកខាងជើង ដែលបានផ្តាច់ខ្លួនចេញពីបក្សប្រឆាំង

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ ចំពោះលោក ខៃ រដ្ឋា ដែលជាអគ្គលេខាធិការគណបក្សភ្លើងទៀនប្រចាំទ្វីបអាមេរិកខាងជើង ដែលបានផ្តាច់ខ្លួនចេញពីបក្សប្រឆាំងមួយនេះ ហើយសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោក ខៃ រដ្ឋា បានសរសេរ គោរពជូនសម្តេចតេជោថា ៖ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!

ខ្ញុំបាទឈ្មោះ ខៃ រដ្ឋា ភេទប្រុស ឆ្នាំកំណើត ១៩៧៦ សញ្ជាតិខ្មែរ-អាមេរិកាំងមានតួនាទីជាអគ្គលេខាធិការគណបក្សភ្លើទៀនប្រចាំនៅទ្វីបអាមេរិកខាងជើង មានទីលំនៅបច្ចុប្បន្ននៅទីក្រុង Palm Bay រដ្ឋ Florida សហរដ្ឋអាមេរិក។

សំណើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។ ខ្ញុំបាទសូមគោរពជូន សម្តេចតេជោ មេត្តាជ្រាបដ៏ខ្ពងខ្ពស់ថា៖ ខ្ញុំបាទបានសង្កេត និងស្វែងយល់អំពីការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានតែគណបក្សប្រជាជនកម្ពុជាដែលមានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ និង មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តវេន ដឹកនាំប្រទេសក្នុងបុព្វហេតុជាតិមាតុភូមិ មានការអភិវឌ្ឍប្រទេសជាតិក្រោមម្លប់សន្តិភាព វិបុលភាព និង រីកចម្រើនពីមួយថ្ងៃទៅ មួយថ្ងៃឥតឈប់ឈរ។ ខ្ញុំបាទសូមប្រកាសផ្តាច់ខ្លួនចេញពីគណបក្សប្រឆាំងដែលខ្ញុំបាទធ្លាប់បម្រើរួមរស់ជាមួយកន្លង មកចាប់ពីពេលនេះតទៅ ។

ខ្ញុំបាទសូមប្តេជ្ញាគាំទ្រដោយឥតងាករេ ពិតជាស្មោះស្ម័គ្រ បម្រើជីវភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរួម ចំណែកការរពារសន្តិភាពចាប់ពីថ្ងៃនេះតទៅ ជារៀងរហូត។ ជាពិសេស ខ្ញុំបាទសូមគាំទ្រយ៉ាងពេញទំហឹងក្នុងការកសាងព្រែកជី កហ្វូណន-តេជោ ដើម្បីជាប្រយោជន៍ដ៏មហាសាលសម្រាប់បម្រើឲ្យប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកនៃប្រទេស និង បានជាប្រយោជន៍ដល់ ប្រជាជនខ្មែរទូទៅ បានប្រើប្រាស់ព្រែកជីកហ្វូណន-តេជោ ពេលគម្រោងនេះសាងសង់បញ្ចប់រួចជាស្ថាពរ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើសូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាផ្តល់ ឱកាសឱ្យខ្ញុំបាទបានចូលរួមក្នុងជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជាដោយសេចក្ដីអនុគ្រោះ ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មេត្តា ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ ភក្តីភាព និងស្មោះត្រង់អំពីខ្ញុំបាទ ៕

ដោយ ៖ សិលា


ចែករំលែក៖