ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតីណែនាំក្រសួងពាក់ព័ន្ធគិតគូរជាមុនរៀបចំច្បាប់គ្រប់គ្រងហ្គាស តចូលក្នុងផ្ទះ ឬអគារខ្ពស់ៗ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា  ក្នុងឱកាសអញ្ជើញជាអធីបតីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះនៅចំណុច ប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ នាព្រឹកថ្ងៃទី១៧ ខែមិថុនានេះដែរ បានណែនាំដល់ក្រសួងរ៉ែ និងថាមពល និងក្រសួងពាក់ព័ន្ធត្រូវគិតគូរឱ្យហើយលើការរៀបចំច្បាប់គ្រប់គ្រងការផ្គត់ផ្គង់ហ្គាសចូលក្នុងផ្ទះ ឬអគារខ្ពស់ៗដើម្បីបញ្ចៀសគ្រោះអគ្គិភ័យណាមួយកើតឡើង ខណៈអគារខ្ពស់ៗជាច្រើនបានភ្ជាប់បណ្ដាញហ្គាសចូលទៅក្នុងផ្ទះដើម្បីប្រើប្រាស់។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ ណែនាំឱ្យក្រសួងរ៉ែ និងថាមពល និងក្រសួងពាក់ព័ន្ធត្រូវរួមគ្នាគិតគូរពីស្តង់ដារសុវត្ថិភាពសំណង់ ទាំងប្រព័ន្ធទឹក ភ្លើង ហ្គាស និងអគ្គិភ័យជាដើម ស្របពេលដែលរាជធានីភ្នំពេញ ក៏ដូចជាបណ្ដាទីក្រុងនៅតាមបណ្ដាខេត្តកំពុងមានការរីកចម្រើន សាងសង់ឡើងថ្មីៗជាបន្តបន្ទាប់នាពេលបច្ចុប្បន្ននេះ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយ តំបន់អភិវឌ្ឍន៍បឹងទំពន់ និងតំបន់ផ្លូវ ៦០ ម៉ែត្រ គិតគូររៀបចំតំបន់បៃតង ហើយរដ្ឋាភិបាលរាជធានី ខេត្ត ត្រូវត្រៀមដីរៀបចំឧទ្យានជាតិបៃតងផងដែរ។ សម្តេចធិបតីថ្លែងថា ដើម្បីមេត្រីភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ មិនមែនគិតតែពីការសាងសង់អគារនោះទេ ប៉ុន្ដែត្រូវគិតគូរបិរស្ថាន និងសុវត្ថិភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

សូមជម្រាបថា ស្ពានអាកាសភ្លោះនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ សាងសង់ឡើងដើម្បីបញ្ចៀសការកកស្ទះនៅនឹងកន្លែង ហើយនឹងក្លាយជាស្ពានអាកាសភ្លោះយុទ្ធសាស្រ្តក្នុងការតភា្ជប់កម្ពុជាទៅកាន់អន្តរជាតិ តាមរយៈការតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិតេជោ មកកាន់រាជធានីភ្នំពេញ។ ស្ពានអាកាសភ្លោះនេះក៏ជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ជាង ១៦ លានដុល្លារ ប្រើប្រាស់រយៈពេលសាងសង់ ១២ខែ ជាប្រភេទបេតុងអាមេ ដែលមានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ បណ្ដោយតួស្ពាន ២៨១ ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានទៅខាងមហាវិថីសម្តេចតេជោហ៊ុនសែនប្រវែង ១៨០ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះអន្តរជាតិតេជោ ១៦១ម៉ែត្រ ដោយស្ពានទី១៖ ផ្លូវឯកទិសមានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ និងស្ពានទី២៖ផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដើម្បីមេត្រីភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ មិនមែនគិតតែពីការសាងសង់អគារនោះទេ ត្រូវគិតគូរបិរស្ថាន និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យតំបន់អភិវឌ្ឍន៍បឹងទំពន់និងតំបន់ផ្លូវ៦០ម៉ែត្រ គិតគូររៀបចំតំបន់បៃតង និងបានណែនាំរដ្ឋាភិបាលរាជធានី ខេត្ត ត្រូវត្រៀមដីរៀបចំឧទ្យានជាតិបៃតង។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួង-ស្ថាប័នជំនាញ និងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តអនុវត្តដោយឈរលើគោលការណ៍ជាអាទិភាព២ គឺ១) បង្កើនល្បឿនការ អភិវឌ្ឍទីក្រុង ដោយត្រូវដើរឱ្យបានមុនសេចក្តីត្រូវការរបស់ប្រជាជន និងបង្កើនការ វិនិយោគស្រប តាមប្លង់គោលប្រើប្រាស់ដីធ្លីរាជធានីភ្នំពេញឆ្នាំ២០៣៥ និង២) ផ្តើមគិតពី កិច្ចការសាងសង់ សំណង់នីមួយៗឱ្យស្របតាមការវិវត្តនៃតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមជាតិ។

ជាមួយគ្នានេះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តសិក្សាបន្ថែមអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលមានលក្ខណៈទំនើប វ័យឆ្លាត និងសន្សំសំចៃខ្ពស់ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាក្នុងរាជធានីភ្នំពេញដូចជា៖ ការបំពាក់កាមេរ៉ាសុវត្ថិភាព អំពូលសូឡា និងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិនៅតាម សួនច្បារសាធារណៈ ដើម្បីឱ្យទីក្រុងកាន់តែមានភាពទាក់ទាញ និងប្រណីត ស័ក្តិសមជាទីក្រុងឆ្លាតអាស៊ាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យបង្កើនការដាំដុះគម្របបៃតងក្នុងទីក្រុង ដើម្បីកាត់បន្ថយកម្ដៅ និងឧស្ម័នផ្ទះកញ្ចក់ ជាពិសេសនៅតាមតំបន់ការដ្ឋានដែលត្រូវស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីៗដូចក្នុងករណីការដាំដើមឈើបន្ថែមនៅចំណុចគល់ស្ពានជ្រោយចង្វារត្រើយខាងលិច និងគម្រោងស្ពានអាកាសមរតកតេជោ ជាដើម៕

ដោយ ៖ សិលា


ចែករំលែក៖